លោកឧកញ៉ាលឹម ហេងៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិនចាប់ផ្តើម បង្ហាញសញ្ញាវិជ្ជមាន

0

          ដោយៈគង់ ម៉ាលីន

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា តាមរយៈការនាំចេញស្វាយ និងចេកកន្លងមកទៅកាន់ប្រទេសចិន វាជាការចាប់ផ្តើមដ៏ល្អ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍  ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមនាព្រឹកថ្ងៃទី៧ ឧសភានេះថា តាមរយៈកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរីកម្ពុជា ចិន ដែលយើងបាននាំចេញស្វាយនៅថ្ងៃនេះ និងនាំចេញចេកនាពេលកន្លងមក ពិតជាសញ្ញាវិជ្ជមាន ហើយយើងរំពឹងថាកសិផលកម្ពុជា ជាច្រើនទៀតនឹងអាចនាំចេញទៅកាន់ប្រទេសចិននាពេលឆាប់ៗនេះ។

លោកបន្តថា “នាពេលខាងមុខនឹងមានការនាំចេញស្វាយចន្ទី កៅស៊ូពីកម្ពុជាបន្ថែ​មទៀត ខ្ញុំជឿថានឹងមានការនាំចេញកើនឡើងឥតឈប់ឈរ ព្រោះកិច្ចព្រមព្រៀមពាណិជ្ជកម្មនេះ ​នឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កម្ពុជា”។ លោកបន្តថា “ទន្ទឹមនឹងមានសង្រ្គាមពាណិជ្ជរវាងចិន និងអាមេរិក និងកំពុងកើតមានជាមួយអូស្រ្តាលីនេះ នឹងធ្វើឲ្យរោងចក្រ សហគ្រាសជាច្រើននឹងមកកាន់កម្ពុជា ដើម្បីផលិតនាំចេញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀត”។

លោកឧកញ៉ាលឹម ហេងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន នឹងធ្វើឲ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្មស្នូលរបស់ចិន ហើយក្រុមហ៊ុនចិន អាមេរិកជា​ច្រើន នឹងមកផលិតនៅកម្ពុជា ដើម្បីនាំចេញដោតរួចពន្ឋទៅកាន់ប្រ​ទេសចិន និងប្រទេសដទៃទៀតក្នុងតំបន់ និងអន្តរជាតិ។

រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិនកាលពីឆ្នាំមុន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានចូលជាធរមាននៅថ្ងៃទី១ មករា ឆ្នាំ​២០២១។ ជាមួយគ្នានេះ កម្ពុជាក៏បានបញ្ចប់ការចចារ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណៈរដ្ឋកូរ៉េ ហើយកម្ពុជាក៏បានចូលជាសមាជិក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយកម្រិតតំបន់(RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំ ដែលគ្របដណ្តប់លើពាណិជ្ជកម្ម៣០ភាគរយនៃពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here