ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អ្នកវិនិយោគដីធ្លីតែងតែស្វែងរកផលចំណេញ ប៉ុន្តែតើអ្វីជាមូលដ្ឋានវិភាគដែលអ្នកត្រូវពិចារណា មុនសម្រេចចិត្តវិនិយោគពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យផែនការវិនិយោគរបស់ខ្លួនបញ្ចៀសបាននូវហានិភ័យ។
អ្នកជំនាញអចលនទ្រព្យសកល បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើអចលនទ្រព្យ ទាំងដីធ្លី ផ្ទះសម្បែង តែងតែមានផលចំណេញនាពេលអនាគត ប្រសិនជាអ្នកទិញបានក្នុងតម្លៃសមរម្យ ទីតាំងត្រឹមត្រូវ ជាតំបន់ដែលស្ថិតក្នុងផែនការអភិវឌ្ឍរបស់រដ្ឋាភិបាលជាដើម។
ប៉ុន្តែដើម្បីទិញដីធ្លី ឬផ្ទះត្រូវ និងឡើងថ្លៃខ្ពស់នាពេលអនាគត អ្នកវិនិយោគត្រូវសម្លឹងលើកត្តាមួយចំនួន ដូចជា ពេលវេលាសមស្រប កត្តាសេដ្ឋកិច្ច ផែនការអភិវឌ្ឍន៍ គោលនយោបាយរបស់រដ្ឋាភិបាលជាដើម។
ពេលវេលាសមស្រប
ពេលវេលាសមស្រប គឺសំដៅដល់ការទិញដីឬផ្ទះ នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ច ដែលតម្លៃដីធ្លី ឬផ្ទះសម្បែងតែងតែចុះថ្លៃ ឬស្ថិតក្នុងតម្លៃទ្រឹង។ ហេតុនេះការវិនិយោគដីធ្លីក្នុងកំឡុងពេលបែបនេះ នឹងមានឳកាសចំណេញខ្ពស់ ពិសេសនៅពេលសេដ្ឋកិច្ចងើបឡើងវិញឆាប់រហ័ស។
ការវិនិយោគដីធ្លី ឬអចលនទ្រព្យដទៃទៀត សម្រាប់អ្នកវិនិយោគឆ្លាតវៃ ពួកគេមិនសូវទុកយូរពេកនោះទេ នៅពេលចំណេញបាន៥០ភាគរយ ឬមួយគុណនឹងពីរ គេលក់ចេញ ដើម្បីទៅវិនិយោគនៅកន្លែងដទៃទៀតហើយ។ លើកលែងតែអ្នកវិនិយោគប្រើយុទ្ឋសាស្ត្រ Land Banking ឬ House Banking។
កត្តាសេដ្ឋកិច្ច
នៅពេលសេដ្ឋកិច្ចមានភាពរសរវើក និងកំណើនល្អប្រសើរ វាតែងតែមានរយៈពេលកំណត់របស់វា។ ហេតុនេះអ្នកវិនិយោគត្រូវតែតាមដានព៌តមាន និងវដ្តនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលតែងតែកើតមានស្ទើរតែរៀងរាល់១០ឆ្នាំម្តង។ ហេតុនេះ បើសិនជាស្ថានភាពសេដ្ឋកិច្ចមានកំណើនល្អប្រសើរ រយៈពេល៣ទី៥ឆ្នាំ តម្លៃដីរបស់អ្នកបានហក់ឡើងខ្ពស់រួចទៅហើយ។ វាជាពេលវេលាសមស្រប ដែលអ្នកគួរបញ្ចេញ ដើម្បីកុំឲ្យមានភាពស្តាយក្រោយ ដូចករណីអ្នកនៅក្រុងព្រះសីហនុជាដើម។
ហេតុនេះ សេដ្ឋកិច្ចគឺជាប់ពាក់ព័ន្ឋនឹងតម្លៃដីធ្លី ឬអចលនទ្រព្យដទៃទៀត ដូច្នេះអ្នកវិនិយោគឆ្លាតវៃ ត្រូវតែតាមដានស្ថានភាពសេដ្ឋកិច្ចពិភពលោក ដើម្បីមានមូលដ្ឋានក្នុងការសម្រេចចិត្តត្រឹមត្រូវ។
ផែនការអភិវឌ្ឍន៍និងគោលនយោបាយរដ្ឋាភិបាល
រដ្ឋាភិបាលកម្ពុជា តែងតែដាក់ចេញផែនការអភិវឌ្ឍន៍ជាតិ រយៈពេលមធ្យម(5ឆ្នាំ) ផែនការអភិវឌ្ឍន៍ជាតិរយៈពេលវែងមានចំនួន១០ឆ្នាំ ដែលផែនការនេះជាការធ្វើពិពិធកម្មនូវមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរៀបចំប៉ូលសេដ្ឋកិច្ចរបស់ជាតិ។
ឧទាហរណ៍ នៅឆ្នាំ២០២០កន្លងមក រដ្ឋាភិបាលបានប្រកាសពីការវិនិយោគព្រលានយន្តហោះខេត្តមណ្ឌលគិរី ពីផែនការអភិវឌ្ឍន៍សាងសង់់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិតជាដើម។
ដូច្នេះ ប្រសិនជាអ្នកទិញដីនៅតំបន់ស្ថិត នៅក្នុងផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល តម្លៃដីរបស់អ្នកនឹងឡើងថ្លៃនៅក្នុងរយៈពេលកំណត់មួយ។ ហេតុនេះការវិនិយោគដីធ្លីឬអចលនទ្រព្យដទៃទៀត អ្នកវិនិយោគដែលតែងតែទុកដីបានយូរ ចំណេញច្រើន តែងតែជាអ្នកសក្តាប់បាននូវទិសដៅ ផែនការអភិវឌ្ឍន៍របស់ជាតិ ពិសេសអានព៌តមានជាប្រចាំ៕