ដោយៈ ម៉ាណេត
បាងកកៈ សមាគម Thai Subcontracting Promotion Association (Thai Subcon) ដែលមានសមាជិកក្រុមហ៊ុននវានុវត្ត និងឧស្សាហកម្មសរុបជាង ៤០០ក្រុមហ៊ុន កំពុងស្វែងរកដៃគូអាជីវកម្ម និងឱកាសពង្រីកប្រតិបត្តិការធុរកិច្ចទៅកាន់ប្រទេសកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។ នេះបើតាមកិច្ចពិភាក្សារវាងលោក Kiattisak Jirakajonvong ដែលជាប្រធានសមាគម ជាមួយលោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ។
នៅក្នុងជំនួបតាមប្រព័ន្ធ Video Conference កាលពីរសៀលថ្ងៃសុក្រ ទី៧ ខែឧសភា ប្រធានសមាគមរូបនេះ បានស្នើសុំស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការរៀបចំកម្មវិធីជំនួបធុរកិច្ច និងទស្សនកិច្ចស្វ័យសិក្សានៅតាមរោងចក្រដែលជាសមាជិក Thai Subcon និងនៅតាមតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសដល់វិស័យឯកជននៃប្រទេសទាំងពីរ ធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។







