មហាយក្សចិនស្នើរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាមួយអាស៊ាននៅខែក្រោយ ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

0

ដោយៈ សុខុម

ប្រទេសចិន: មហាយក្សចិន បានស្នើសុំរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ជាមួយអាស៊ាន-១០ ប្រទេសនៅខែមិថុនាក្នុងប្រទេសនេះ ដើម្បីពិភាក្សារកវិធីដោះស្រាយបញ្ចប់វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមប្រភពរដ្ឋាភិបាលទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី៧ ឧសភា។

រដ្ឋាភិបាលចិន បាននិងកំពុងព្យាយាមរឹតទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ស្របពេលដែលសហរដ្ឋអាមេរិក បាននិងកំពុងពង្រឹងទំនាក់ទំនង ជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យផ្សេងៗទៀត ដូចជា ជប៉ុន កូរ៉េខាងត្បូងជាដើម ដើម្បីទប់ឥទ្ធិពលរីកកាន់តែធំរបស់រដ្ឋាភិបាលក្រុងប៉េកាំង ទាំងក្នុងតំបន់ និងពិភ​ព​លោក។

នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេស G7 ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីដើមខែនេះ ប្រទេសព្រុយណេ ក្នុងឋានៈជាប្រធានប្ដូរវេននៃកិច្ចប្រជុំអាស៊ាននៅឆ្នាំនេះ ត្រូវបានអញ្ជើញឱ្យចូលរួមជាភ្ញៀវកិត្តិយស។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា មហាយក្សចិន និងបណ្ដាប្រទេសប្រជាធិបតេយ្យធំៗបាន និងកំពុងប្រកួតប្រជែងដណ្ដើមឥទ្ធិពលនៅក្នុងតំបន់ស៊ីអាគ្នេយ៍។

ប្រភពបានទម្លាយឱ្យដឹងថា ការដឹកនាំរបស់ប្រធានាធិបតីចិន ស៊ី ជីនភីង បាននិងកំពុងពិចារណារធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំកិច្ចប្រជុំជាមួយ បណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងទីក្រុងមួយរបស់ចិន ក្រៅពីក្រុងប៉េកាំង។

ខណៈឆ្នាំនេះ ជាខួបឆ្នាំទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ាន រដ្ឋាភិបាលក្រុងប៉េកាំង មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទោះជាយ៉ាងណា គ្មានប្រភពច្បាស់ការថា តើលោក Maung Lwin រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដែលតែងតាំងដោយរបបយោធា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ឬយ៉ាងណានោះទេ។

នៅប្រទេសមីយ៉ាន់ម៉ា កងកម្លាំងប្រដាប់អាវុធ នៅតែបន្តបង្ក្រាបយ៉ាងសាហាវទៅលើក្រុមបាតុករ ដែលតវ៉ាប្រឆាំងរដ្ឋប្រហារយោធា ដែលបានផ្ទុះឡើងកាលពីខែកុម្ភៈ។

ក្រុមអ្នកជំនាញខាងកិច្ចការបរទេសនិយាយថា ប្រសិនបើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេ​សនេះ ពិតជាត្រូវបានរៀបចំឡើងដូចការគ្រោងទុកមែន “ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច” រួមទាំងការបញ្ជូនប្រេសិតពិសេស ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផង ប្រហែលជានឹងក្លាយជាប្រធានបទក្ដៅ ដែលត្រូវលើកយកមកពិភាក្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here