វ៉ាក់សាំងរបស់ចិនហាក់បានបង្ហាញពីការចាប់អារម្មណ៍ពីបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ស្ដែងប្រទេសអេហ្ស៊ីប បានប្រកាសថានឹងចាប់ផ្ដើមផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងខែមិថុនាខាងមុខនេះ ។នេះបើតាមលោកហាឡា ហ្សាយីដ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេហ្ស៊ីប្រកាសនៅថ្ងៃចន្ទទី១០ ឧសភា២០២១នេះ ។
ក្នុងសន្និសីទកាសែតនៅទីក្រុងគែរ លោក Zayed បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២លានដូសដំបូង នឹងត្រូវផលិតនៅក្នុងខែមិថុនា នៅឯរោងចក្ររបស់ក្រុមហ៊ុនអេហ្ស៊ីប ដែលជាក្រុមហ៊ុនផលិតជីវសាស្រ្ត និងវ៉ាក់សាំង វ៉ាក់ស៊ែរ៉ា (VACSERA)។លោកថា៖«យើងនឹងទទួលបានការដឹកជញ្ជូនវត្ថុធាតុដើមដំបូង ដែលត្រូវការដើម្បីផលិតវ៉ាក់សាំងនៅថ្ងៃទី១៨ ខែឧសភា ហើយវ៉ាក់សាំងចំនួន ៤០លានដូសនឹងត្រូវផលិតនៅក្នុងឆ្នាំដំបូង»។
លោក Zayed បានកត់សម្គាល់ថា កិច្ចព្រមព្រៀងចំនួន ០២ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនចិន Sinovac និងក្រុមហ៊ុនអេហ្ស៉ីប VACSERA នៅក្នុងខែមេសា ដោយកិច្ចព្រមព្រៀងលើកទី ១ អាចឱ្យភាគីអេហ្ស៊ីបទទួលបានជំនាញ និងជំនួយបច្ចេកទេសក្នុងការផលិតវ៉ាក់សាំង ខណៈកិច្ចព្រមព្រៀងលើកទី ២ ផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនអេហ្ស៉ីប VACSERA ដើម្បីផលិត និងវេចខ្ចប់វ៉ាក់សាំងនៅក្នុងរោងចក្ររបស់ខ្លួន។ លោក Zayed បានកត់សម្គាល់បន្ថែមថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ដែលត្រូវផលិតនៅក្នុងប្រទេសអេហ្ស៊ីប នឹងត្រូវបានគេដាក់ឈ្មោះថា Sinovac-Vacsera។
ប្រទេសអេហ្ស៊ីប បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់បុគ្គលិកពេទ្យនៃមន្ទីរពេទ្យរដ្ឋនៅចុងខែមករា ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ជាវ៉ាក់សាំងដំបូងបង្អស់ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ ដោយអាជ្ញាធរឱសថអេហ្ស៊ីប។ នៅដើមខែមីនា ប្រទេសអេហ្ស៉ីប ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង ជូនដល់ក្រុមមនុស្សវ័យចំណាស់ និងក្រុមអ្នកដែលមានជំងឺរ៉ាំរ៉ៃផងដែរ។ រហូតមកដល់ពេលនេះ ប្រទេសអេហ្ស៊ីបបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៣៦,២៧២ករណី ក្នុងនោះមានអ្នកស្លាប់ ១៣,៨៤៥នាក់ និងអ្នកជាសះស្បើយ ១៧៦,៣៦៣នាក់៕