ដោយៈ ម៉ាណេត
ភ្នំពេញៈ យោងតាមការសិក្សាមួយបានឱ្យដឹងថា ផលចំណេញត្រឡប់ប្រចាំឆ្នាំ (Return of Investment) ពីការវិនិយោគលើខុនដូនៅកម្ពុជា នាពេលបច្ចុប្បន្ន មានអត្រាជាមធ្យមត្រឹមតែ៥% ធ្លាក់ចុះ បើប្រៀបធៀបកាលពីកាលមុនមានអត្រាជាមធ្យមប្រចាំឆ្នាំ៧%។
លោកស្រីអាន សុធីតាក្នុងនាមជាអ្នកវិភាគឯករាជ្យ ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនេះ បានមានប្រសាសន៍កាលពីថ្មីៗនេះថា ផលចំណេញត្រឡប់ប្រចាំឆ្នាំ (Return of Investment) ពីការវិនិយោគលើខុនដូ នាពេលបច្ចុប្បន្ន មានអត្រាជាមធ្យមត្រឹមតែ៥% បើប្រៀបធៀបកាលពីកាលមុនមានអត្រាជាមធ្យមប្រចាំឆ្នាំ៧% ដោយសារទីផ្សារកាន់តែមានភាពប្រកួតប្រជែង និងការផ្គត់ផ្គង់កើនឡើង។
លោកបានបន្តថា ការធ្លាក់ចុះនៃផលចំណេញត្រឡប់នេះអាចធ្វើឱ្យកម្ពុជាធ្លាក់ចុះលើការវិនិយោគលើវិស័យខុនដូ ប្រសិនបើផលចំណេញត្រឡប់លើវិស័យខុនដូមានភាពប្រហាក់ប្រហែលនឹងប្រទេសជិតខាង។
លោកស្រីបានឱ្យដឹងទៀតថា ប៉ុន្តែជាដំណឹងល្អ យោងតាមការវាយតម្លៃ ផលចំណេញត្រឡប់នៅថៃមានត្រឹមតែ២ទៅ៣%ប៉ុណ្ណោះ សិង្ហបុរីស្រដៀងគ្នានឹងថៃដែរ និងវៀតណាមមានត្រឹមតែ៤ទៅ៥% ខណៈផលចំណេញត្រឡប់ពីការវិនិយោគលើខុនដូនៅកម្ពុជាមានអត្រាប្រមាណ៥%។
លោស្រីបានណែនាំថា ដើម្បីទទួលបានផលចំណេញខ្ពស់ អ្នកវិនិយោគលើខុនដូត្រូវមើលកត្តាចំនួន៤ ដូចជាទី១ត្រូវមើលទីតាំង ទី២មើលលើតម្លៃ ទី៣មើលគុណភាព និងទី៤មើលប្រវិត្តិ និងកេរ្តិ៍ឈ្មោះអ្នកអភិវឌ្ឍន៍។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានលើកឡើងថា អត្រាផលចំណេញត្រឡប់៥%នេះ គិតជាមធ្យមប្រចាំប៉ុណ្ណោះ ប៉ុន្តែបើទិញគម្រោងខុនដូត្រូវ អត្រាផលចំណេញនឹងនៅតែសម្រេចបាន៧%ដដែល។
លោកខន គង្គាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia មានប្រសាសន៍នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា គម្រោងដែលយើងលក់ ភាគច្រើនយើងផ្តោតលើគម្រោង Presale (គម្រោងដែលទើបតែចាប់ផ្តើម ឬចាប់ផ្តើមបុកគ្រឹះ) ផលចំណេញត្រឡប់ ក្នុងមួយឆ្នាំ មានអត្រាចន្លោះពី១៥%ទៅ២៥%គិតជាមធ្យម ដោយសារផលចំណេញនេះពឹងផ្អែកលើតម្លៃសំណង់ គិតចាប់ពីចាប់ពីការផ្តើមសាងសង់ រហូតដល់ការសាងសង់បញ្ចប់។
លោកបានបន្តថា នៅពេលសាងសង់បញ្ចប់ក្នុងរយៈពេលបីឆ្នាំ អត្រាផលចំណេញអាចនឹងកើនឡើងដល់៤៥% បើសិនជាយើងគិតត្រឹមអត្រា១៥%។
លោកបានឱ្យដឹងថា ការវិនិយោគលើវិស័យខុនដូនាពេលបច្ចុប្បន្ន គឺឱកាសល្អប្រសើរសម្រាប់វិនិយោគ ដែលមានលំហូរសាច់វិជ្ជាអំឡុងពេលបច្ចុប្បន្ន ព្រោះពេលបើកសេដ្ឋកិច្ច អ្វីៗគ្រប់យ៉ាងនឹងត្រឡប់មករកសភាព និងវិស័យអចលនទ្រព្យនឹងកើនឡើងវិញផងដែរ៕