កម្ពុជានឹងទទួលវ៉ាក់សាំងជំងឺកូវីដ១៩ពីរដ្ឋាភិបាលចិនចំនួន៥០ម៉ឺនដូសទៀតនៅស្អែកនេះ

0

ដោយៈ ប៊ី

ភ្នំពេញៈ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន៥០ម៉ឺនដូសបន្ថែមទៀត នៅព្រឹកថ្ងៃទី១១ស្អែកនេះ ខែឧសភា ឆ្នាំ ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១កន្លងមកនេះ បានបញ្ជាក់ថា នៅតំបន់ក្រហមមានប្រជាជនជាង៥២ម៉ឺននាក់នឹងត្រូវទទួលវ៉ាក់សំាងកូវីដ១៩ ហើយវ៉ាក់សាំងមានតែជាង៩០ម៉ឺនដូស ចាក់បានតែប្រជាជនជាង៤០ម៉ឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុងតំបន់ក្រហម។

ប៉ុន្តែសម្តេចបញ្ជាក់ថា វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត ហើយ ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន៥២ម៉ឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំងនឹងមកដល់៥០ម៉ឺនដូស នឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២១ នឹងមកដល់ចំនួន ៥០ម៉ឺនដូសទៀត សរុប១លានដូសនៅក្នុងដៃយើងបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឱ្យហើយ ឱ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។

យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូសហើយ។ ដោយឡែកក្នុងរយ:ពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩ម៉ឺន ៩៦១៧នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here