ដោយៈ លក្ខិណា
ភ្នំពេញៈ ទោះបីជាកម្ពុជាកំពុងជាប់ដៃប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩ ដែលរាលដាលក្នុងសហគមន៍យ៉ាងនេះ ក្ដី តែកម្ពុជាក៏នៅតែបន្តស្វែងរកទីផ្សារសម្រាប់ពាណិជ្ជកម្ម ជាក់ស្ដែងបច្ចុប្បន្នតាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបាននិងកំពុងពន្លឿននីតិវិធីដើម្បីឈានទៅដល់ការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាទាំងទ្វេភាគីនិងពហុភាគី។
នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូ របស់គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ កាលពីថ្ងៃទី១០ ឧសភា២០២១នេះ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបាននឹងកំពុងពន្លឿននីតិវិធីក្នុងស្រុកសម្រាប់ឈានទៅការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក រួមមានកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២០ កន្លងទៅ។
លោកបន្តថា ក្រសួងក៏បាននឹងកំពុងជំរុញនីតិវិធីសេសសល់ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីឈានទៅរកការចុះហត្ថលេខាឱ្យបានកាន់តែឆាប់ មុននឹងសម្រេចបើកការចរចាកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត រួមមានជប៉ុន ឥណ្ឌាជាដើម នៅពេលការសិក្សាបានបញ្ចប់។
លោកបានថ្លែងថា ក្រសួងក៏បាននឹងកំពុងបង្កើតក្រុមការងារថ្នាក់ក្រសួង ដើម្បីត្រៀមរៀបចំផ្តល់ជាធាតុចូលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ ដាក់ ជាចំណុ ច អាទិភាព និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ”។
រហូតមកដល់ពេលនេះកម្ពុជាបានសម្រេចនូវការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៣រួចហើយ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី នឹងជំរុញឱ្យកម្ពុជាទទួលបានការនាំចេញនិងការវិនិយោគពីប្រទេសជាដៃគូបន្ថែមទៀត។
មន្ត្រីជាន់ខ្ពស់កម្ពុជាកន្លងមករំពឹងថា កិច្ចព្រមទាំងទាំងនេះ អាចនឹងចូលជាធរមាននៅក្នុងឆ្នាំ២០២១នេះ ក្រោយពេលដំណើរការចរចារបានបញ្ចប់និងចុះហត្ថលេខារួចរាល់ហើយ៕