រដ្ឋាភិបាលចាប់ផ្តើមកិច្ចប្រជុំដើម្បីរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានជា លើកទី៣ដ៏មានកិត្យានុភាព

0

          ដោយៈ គង់ សូរិយា

          ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំកិច្ចប្រជុំពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានជាលើកទី៣ ដែលកិច្ចប្រជុំនេះនឹងលើកមុខមាត់ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។

នៅព្រឹកថ្ងៃទី១០ ឧសភានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារសំខាន់ៗមួយចំនួន ក្នុងការត្រៀមធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២។

កិច្ចប្រជុំបានពិភាក្សាផ្តោតជាសំខាន់លើរបៀបវារៈចំនួន៤ រួមមាន ការកំណត់មូលបទ និងអាទិភាពសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន។ ការត្រៀមរៀបចំនូវគំនិត  ផ្តួចផ្តើមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ ដំណើរការប្រព្រឹត្តទៅ នៃអនុគណៈកម្មការនីមួ​យៗ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងបញ្ហាផ្សេងៗ ដែលធ្វើឡើងដើម្បីកម្ពុជាត្រៀមខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្ម ពិសេសក្នុងការឈានទៅសម្រេចបាននូវកិច្ចការក្រោមសរសរស្តម្ភសេដ្ឋកិច្ចរបស់អាស៊ាន។

លោករដ្ឋមន្ត្រីបានរំលេចថា តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបាននឹងកំពុងព    ន្លឿននីតិវិធីក្នុងស្រុក សម្រាប់ឈានទៅការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក រួមមាន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២០ កន្លងទៅ។

ក្រៅពីនេះ ក្រសួងក៏បាននិងកំពុងជំរុញនីតិវិធីសេសសល់ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីឈានទៅរកការចុះហត្ថលេខា ឱ្យបានកាន់តែឆាប់ មុននឹងសម្រេចបើកការចរចា កិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត (រួមមានជប៉ុន ឥណ្ឌា…) នៅពេលការសិក្សាបានបញ្ចប់។

លោកប៉ាន សូរស័ក្តបានគូសបញ្ជាក់ដែរថា “ក្រសួងក៏បាននិងកំពុងបង្កើតក្រុមការ​ងារថ្នាក់ក្រសួង ដើម្បីត្រៀមរៀបចំផ្តល់ជាធាតុចូលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្ម ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ដាក់ជាចំណុចអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ”។

លោករដ្ឋមន្ត្រីបានទទួលយកអនុសាសន៍ របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជាប្រធានអង្គប្រជុំ និងបានប្តេជ្ញាចូលរួមសហការតាមគ្រប់មធ្យាបាយ និងក្នុងគ្រប់កាលៈទេសៈ ដើម្បីធានាសម្រេចបាននូវភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។

កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០២២ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here