ដោយៈ ប៊ី
ភ្នំពេញៈ សណ្ឋាគារលំដាប់អន្តរជាតិមួយទៀត ដែលវិនិយោគដោយក្រុមហ៊ុន Autograph Collection Hotels ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Marriott International ដែលមានសណ្ឋាគារជាង១៧០នៅជុំវិញពិភពលោក បង្ហាញរូបរាងនៅក្រុងភ្នំពេញនាឆ្នាំដើមឆ្នាំ២០២២ ។
ក្រុមហ៊ុន Autograph Collection Hotels បានចុះហត្ថលេខាជាមួយសណ្ឋាគារ The Khom Hotel ខណៈសណ្ឋាគារ The Khom Hotel នេះ គ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ២០២២ និងមានបន្ទប់សណ្ឋាគារចំនួន១៣០បន្ទប់។ នេះបើយោងតាមការចេញផ្សាយរបស់គេទំហំព័រ Hosptality Net។
ដោយមានទីតាំងស្ថិតនៅលើផ្លូវ ឧកញ៉ា សួនស្រ៊ុន នៅតាមបណ្តោយមហាវិថីព្រះសុរាម្រឹត សណ្ឋាគារ The Khom Hotel នឹងស្ថិតនៅជិតវត្តបទុមវត្តី ដែលជាវត្តចំណាស់ជាងគេ និងសំខាន់បំផុតមួយនៅក្នុងក្រុង ក៏ដូចជាព្រះបរមរាជវាំងនិងវិមានឯករាជ្យ។ តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត ដែលនៅជិតសណ្ឋាគាររួមមាន ផ្សារកណ្តាល និងវត្តភ្នំ។
លោក Paul Foskey ប្រធានផ្នែកអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក្រុមហ៊ុន Marriott International ធ្លាប់មានប្រសាសន៍ថា យើងទន្ទឹងរងចាំធ្វើជាដៃគូជាមួយក្រុមហ៊ុន Wywaza Investment ក្នុងការនាំមកនូវសណ្ឋាគារ The Khom Hotel ដែលជាសណ្ឋាគារដំបូងគេរបស់ក្រុមហ៊ុន Autograph Collection នៅលើទីផ្សារកម្ពុជានេះ” ។
លោក Douk Dien ម្ចាស់និងជានាយកប្រតិបត្តិក្រុមហ៊ុន Wywaza Investment បានមានប្រសាសន៍ថា “យើងមានមោទនភាព ដែលបានសហការជាមួយក្រុមហ៊ុន Marriott International ដើម្បីនាំយកសណ្ឋាគារយីហោក្រុមហ៊ុន Autograph Collection Hotels មកប្រទេសកម្ពុជា” ។ លោកបន្តថា “យើងនឹងគ្រប់គ្រងទីតាំងសណ្ឋាគារ ដែលមានកិត្យានុភាពបំផុតនៅភ្នំពេញ ហើយធ្វើឱ្យមានការស្នាក់នៅ មានកម្រិតស្តង់ដារជាមួយនឹងការរំពឹងទុកខ្ពស់ ដែលទីតាំងតែមួយគត់នៅជាប់នឹងព្រះបរមរាជវាំង និងសេវាផ្សេងៗទៀត” ។
លោកបានបន្តថា រួមជាមួយការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Marriott International លើការផ្តល់ម៉ាក និងស្តង់ដារសេវាកម្ម យើងជឿជាក់ថាភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុកនឹងស្វាគមន៍សណ្ឋាគារ នៅពេលដែលបើកនៅឆ្នាំ២០២២” ៕