ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ដើម្បីសម្រួលដល់ការរស់នៅ និងប្រកបអាជីវកម្មរបស់ពលរដ្ឋ ក្នុងរាជធានីភ្នំពេញ អាជ្ញាធរបានប្រជុំនិងកំណត់តំបន់បិទខ្ទប់ឱ្យនៅតូចបំផុត និងអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរចេញចូលប្រកបអាជីវកម្ម និងធ្វើការឡើងវិញបាន។
លោកឃួង ស្រេង អភិបាលរាជធានីផ្នំពេញ ក្នុងកិច្ចប្រជុំមួយកាលពីល្ងាចម្សិលមិញបានឱ្យដឹងថា ដើម្បីឱ្យការងារនៃការបង្រួមតំបន់បិទខ្ទប់ អោយនៅរួមតូច មានប្រសិទ្ធ ភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចសង្ឃឹមបានថា មិនមានហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩បន្តទៀត តំបន់ដែលបិទខ្ទប់ត្រូវតែរួមតូច និងអាចធានាបាននូវការឆ្លងរាលដាលបន្ថែមទៀត ហើយវិធានការនេះ នឹងចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទី១២ ឧសភាតទៅ។
លោកបានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់អោយបានម៉ត់ចត់បំផុត គឺមិនអនុញ្ញាតឱ្យមានករណីប្រជាពលរដ្ឋ នៅតំបន់លឿងចូលទៅ តំបន់លឿងទុំ និងតំបន់ក្រម ជាដាច់ខាត ហើយកិច្ចប្រជុំនេះពិភាក្សាគ្នា ដើម្បីកំណត់ទីតាំងតំបន់ប្រឈមនោះមកនៅរួមតូច ដូច្នេះសុំអាជ្ញាធរសិក្សាកំណត់ឱ្យបានច្បាស់ មុននៃការកំណត់ពណ៌ តំបន់នីមួយៗឱ្យនៅរួមតូចនេះ នៅថ្ងៃស្អែកនេះ។
កាលពីថ្ងៃទី០៦ ឧសភា ២០២១កន្លងទៅ រដ្ឋាភិបាលប្រកាសបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល តែត្រូវបែងចែកតំបន់ជាបី រួមមានតំបន់ពណ៌លឿង តំបន់ពណ៌លឿងទុំ និងតំបន់ពណ៌ ក្រហម ដែលតំបន់ពណ៌ក្រហមគឺនៅរក្សាការអនុវត្តបិទខ្ទប់ដដែល ព្រោះជាតំបន់ដែលមានការប្រឈមនឹងការឆ្លងខ្ពស់៕