អាជ្ញាធរខេត្តកែបចាប់ផ្តើមចាត់វិធានការណ៍ក្តៅលើម្ចាស់គំរោងដែលទទួលបានសិទ្ឋ វិនិយោគ ប៉ុន្តែមិនបានធ្វើសកម្មភាព

0

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ អាជ្ញាធរខេត្តកែបបាន និងកំពុងចាត់វិធានការដកហូតគំរោងអភិវឌ្ឍន៍មួ​យចំនួន ដែលទទួលបានសិទ្ឋវិនិយោគពីខេត្ត និងពីថ្នាក់ជាតិ ប៉ុន្តែមិនបានធ្វើសកម្ម​ភាពអភិវឌ្ឍតាមផែនការរបស់ខ្លួន។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ ឧសភានេះថា អាជ្ញាធរខេត្តបានដកហូតគំរោងវិនិយោគ របស់ក្រុមហ៊ុនមួយចំនួនរួចហើយ ដែលគំរោងភាគច្រើនជាគំរោងអភិវឌ្ឍន៍ឆ្នេរ និងអចលនទ្រព្យរបស់រដ្ឋក្នុងខេត្ត ដោយសារម្ចាស់គំរោងទាំងនោះ មិនបានធ្វើសកម្មភាពអភិវឌ្ឍន៍តាមផែនការរបស់ខ្លួន។

លោកបន្តថា “យើងមិនអាចឲ្យអ្នកទទួលបានសិទ្ឋទាំងនោះ មិនធ្វើសកម្មភាពដេកដួលរមូល ផ្សំគ្រេចនោះទេ ព្រោះបើមិនធ្វើខេត្តជាអ្នកធ្វើ ដោយរកក្រុមហ៊ុនដៃគូមកវិនិយោគ”។លោកបន្តថា “ម្ចាស់គំរោងទាំងនោះ ក្រុមហ៊ុនឬបុគ្គលមួយចំនួនទទួលបានយូរហើយ តាំងពីមុខមានបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែមិនបានធ្វើសកម្មភាពជាយូរមកហើយ”។

លោកសោម ពិសិដ្ឋបានបន្តថា គំរោងដែលអនុម័តដោយអាជ្ញាធរខេត្ត យើងនឹងធ្វើការដកហូតត្រឹមខេត្ត ប៉ុន្តែគំរោងដែលអនុម័តដោយក្រសួងឬថ្នាក់ជាតិ ខេត្តនឹងធ្វើសំណើ​រមកថ្នាក់ជាតិ ដើម្បីស្នើសុំដកហូតយកមកវិញ ដើម្បីរកដៃគូវិនិយោគផ្សេងៗទៀត ដើម្បីអភិវឌ្ឍន៍។

លោកបន្តថា បច្ចុប្បន្នខេត្តកែប កំពុងសហការជាមួយអាជ្ញាធរខេត្តកំពត ដោយដាក់ប៉ុស្ត៍ត្រួតពិនិត្យនៅព្រំប្រទល់ខេត្តទាំងពីរ ដើម្បីអនុវត្តន៍តាមវិធានការណ៍ដាក់ចេញ​ដោយក្រសួងសុខាភិបាល ដោយអនុវត្តន៍ការឆែកសុខភាព វាស់កំដៅ និងបាញ់អាកុលលាងដៃជាដើម ពិសេសបើមានករណីសង្ស័យខេត្ត នឹងអនុវត្តន៍តាមការណែនាំរបស់ក្រសួង ដោយធ្វើចត្តាឡីស័ក ខណៈខេត្តមិនទាន់មានការឆ្លងរាលដាល ក្នុងសហគមន៍នៅឡើយ ហើយករណីរកឃើញក្នុងខេត្តចំនួន១២ករណីកន្លងមក គឺជាករណីនាំចូលពីក្រៅ​។

លោកបន្តថា “ក្នុងស្ថានភាពនេះ ខេត្តមិនទាន់ចង់បានភ្ញៀវទេសចរណ៍ច្រើននៅឡើយទេ ដោយសារយើងគិតដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈបច្ចុប្បន្នការឆ្លងក្នុងសហគមន៍នៅតាមរាជធានី ខេត្តជាច្រើនកំពុងបន្ត ដែលវាជាការបារម្ភផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here