ការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដបង្ហាញសញ្ញាវិជ្ជមាន ស្របពេលប្រធានអង្គការសុខភាពពិភពលោកអំពាវនាវ

0

          ដោយៈគង់ ម៉ាលីន

          ភ្នំពេញៈ ការផលិតវ៉ាក់សាំងបង្ហាញសញ្ញាវិជ្ជមាន ដោយអាមេរិកបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech អាចចាក់ជូនកុមារចន្លោះពី១២ដល់១៥ឆ្នាំ ស្របពេលប្រធានអង្គការសុខភាពពិភពលោក ស្នើឲ្យមានកិច្ចសហការលើការចែកចាយវ៉ាក់សាំង។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ទៅលើក្មេងៗវ័យជំទង់អាយុចន្លោះពី ១២-១៥ឆ្នាំ បន្ទាប់ពីក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំ អស់ប៉ុន្មានសប្តាហ៍មកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

ការអនុម័តខាងលើនេះត្រូវបានគេមើលឃើញថា នឹងជួយជំរុញការចាក់វ៉ាក់សាំង នៅទូទាំងសហរដ្ឋអាមេរិក ឲ្យមានសន្ទុះកើនឡើងវិញ ខណៈជាងមួយសប្តាហ៍ចុងក្រោ​យនេះ អត្រានៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ បានធ្លាក់ចុះជាលំដាប់។ ការចាក់វ៉ាក់សាំងទៅដល់ក្មេងជំទង់អាយុពី ១២-១៥ឆ្នាំ ក៏ស្របទៅនឹងផែនការរបស់សហរដ្ឋអាមេរិក ដើម្បីឲ្យក្មេងៗអាចត្រលប់ទៅរៀនវិញដោយសុវត្ថិភាព នៅឆ្នាំក្រោយនេះផងដែរ។

ស្របពេលបញ្ហាប្រឈមនៃការប្រកួតប្រជែងគ្នា ក្នុងការចែកចាយ និងដណ្តើមវ៉ាក់សាំងគ្នា ប្រមុខអង្គការសុខភាពពិភពលោក WHO នៅថ្ងៃចន្ទសប្តាហ៍នេះបានថ្លែងថា ជំនួសឲ្យការប្រកួតប្រជែង និងប្រឈមមុខគ្នា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាជម្រើ​សតែមួយគត់ដើម្បីឈានទៅបញ្ចប់ វិបត្តិជំងឺរាតត្បាតសកល COVID-19។

អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងដូចខាងលើ ពេលនិយាយពាក់ព័ន្ធនឹងភាពខុសគ្នាខ្លាំង នៃការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅជុំវិញពិភពលោក។ លោក Tedros បានសង្កត់ធ្ងន់ថា “កម្រិតខុសគ្នាដ៏គួរ ឲ្យភ្ញាក់ផ្អើលនេះ នៅតែបន្តជាហានិភ័យធំបំផុតមួយ ចំពោះការឆ្ពោះទៅបញ្ចប់វិបត្តិ COVID-19 ហើយលោកជឿថាកិច្ចសហប្រតិបត្តិការ ជាជម្រើសតែមួយគត់ ដើម្បីសម្រេចបានគោលដៅនេះ”។

បើយោងតាមទិន្នន័យរបស់ WHO ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់ ដែលស្មើនឹង៥៣ភាគរយនៃ ចំនួនប្រជាជនសរុបនៅលើផែនដី ទទួលបានវ៉ាក់សាំង៨៣ភាគរយ នៃវ៉ាក់សាំង COVID-19 ដែលមាននៅលើពិភពលោក ខណៈប្រទេសចំណូលមធ្យមកម្រិតទាប និងប្រទេសចំណូលទាប ដែលស្មើនឹង៤៧ភាគរយនៃចំនួនប្រជាជនសរុបលើផែនដី ទទួលបានវ៉ាក់សាំងត្រឹមតែ១៧ភាគរយប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here