មូលហេតុដែលសណ្ឋាគារលំដាប់ពិភពលោករបស់ជីតាលោក គីម ជុងអ៊ុន មិនអាចដំណើរការបាន

0

ដោយ ៖ បុរស វុត្ថា

ភ្នំពេញ ៖ សណ្ឋាគារ Ryugyong មានកម្ពស់ប្រមាណជា ៣៣០ម៉ែត្រ គឺជាអគារខ្ពស់លំដាប់ពិភពលោក ស្ថិតនៅក្នុងទីក្រុង  Pyongyang  ប្រទេសកូរ៉ខាងជើង បានចាប់ផ្តើមសាងសង់តាំងពី ៣០​ឆ្នាំមុននោះ នៅតែមិនទាន់រួចរាល់នៅឡើយ។

សណ្ឋាគារដែលមានរូបរាងប្រដូចទៅនឹងពីរ៉ាមីតដ៏ល្បីល្បាញលំដាប់ពិភពលោកមួយនេះ មាន១០៥ ជាន់ ត្រូវបានកែលម្អឡើងវិញជាបន្តបន្ទាប់។

សណ្ឋាគារដែលមិនមានភ្ញៀវសូម្បីតែម្នាក់ចូលស្នាក់នៅនេះ បានចាប់ផ្តើមសាងសង់ក្នុងអំឡុងឆ្នាំ ១៩៨៧ ក្រោយការដឹកនាំរបស់លោក គីម អ៊ីលស៊ុង ជាស្ថាបនិករបស់កូរ៉េខាងជើង និងត្រូវជាជីតារបស់លោក គីម ជុងអ៊ុន ប្រធានាធិបតីវ័យក្មេងរបស់កូរ៉េខាងជើងនាពេលបច្ចុប្បន្ន និងជាមេដឹកនាំផ្តាច់ការនៅលើពិភពលោក ដែលបន្តការដឹកនាំប្រទេសពីឪពុក និងជីតា។

សណ្ឋាគារមួយនេះ កាលពីដំបូងឡើយត្រូវបានដាក់ឈ្មោះថា​សណ្ឋាគារ Doom ។ បើតាមគម្រោងការសាងសង់សណ្ឋាគារនេះ គ្រោងចំណាយពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ នឹងអាចដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ១៩៨៩ និងជាសណ្ឋាគារខ្ពស់លំដាប់ពិភពលោក បន្ទាប់ពីសណ្ឋាគារបែបប្រណីតមួយទៀតស្ថិតនៅប្រទេសសឹង្ហបុរី ប៉ុន្តែជាលទ្ធផល រហូតមកដល់ពេលនៅមិនទាន់បើសម្ពោធដំណើរការនៅឡើយ។ មានហេតុផលជាច្រើន ដូចជា មានវិបត្តិសេដ្ឋកិច្ចពិភលោកក្នុងឆ្នាំ ១៩៩០  ដែលធ្វើអោយប្រទេសមួយនេះជួបវិបត្តិគ្រោះទុរភឹក្ស និងគ្រោះរាំងស្ងួតជាបន្តបន្ទាប់ ជាពិសេស អាចទំនងបណ្តាលមកពីការដួលរលំសហភាពសូវៀតនៅចុងឆ្នាំ ១៩៩១ ដែលជាធាតុផ្សំយ៉ាងសំខាន់ក្នុងការធ្វើឲ្យសណ្ឋាគារនេះពន្យាពេលក្នុងការបញ្ចប់គម្រោងរបស់ខ្លួនរហូតដល់បច្ចុប្បន្ន។

សណ្ឋាគារ Ryugyong បានចាប់ផ្តើមជួសជុលឡើងវិញនៅឆ្នាំ ២០០៨  ក្នុងទំហំទឹកប្រាក់ប្រមាណជា  ៤០០លានដុល្លារ​ ដែលជាថវិការបស់ក្រុមហ៊ុន Orascom Telecommunications Holdings របស់ប្រទេសអេហ្ស៊ីប ដែលបានចូលរួមក្នុងការបណ្តាក់ទុនរួមគ្នា ជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ដើម្បីស្ថាបនា និងដាក់ឲ្យដំណើរការបណ្ដាញទូរស័ព្ទចល័ត 3G ។ ការសាងសង់សណ្ឋាគារនេះឡើងវិញ គ្រោងបញ្ចប់នៅឆ្នាំ២០១២ ស្របពេលនឹងខួបលើកទី១០០  នៃស្ថាបនិករបស់កូរ៉េខាងជើង គឺលោក គីម អ៊ីលស៊ុង ប៉ុន្តែត្រូវបានខកខានឡើងវិញ ដោយមូលហេតុមិនច្បាស់លាស់។

នៅខែវិច្ឆិកា ឆ្នាំ២០១២ មានប្រតិបត្តិករសណ្ឋាគារអន្តរជាតិ ឈ្មោះ Kempinski បានប្រកាសថាខ្លួននឹងបើកដំណើរការសណ្ឋាគារផ្នែកខ្លះ នៅពាក់កណ្តាលឆ្នាំ២០១៣ ប៉ុន្តែត្រូវបានផ្អាកទៅវិញស្របពេលដែលមានភាពតានតឹងអន្តរជាតិ ទាក់ទងទៅនឹងការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងឆ្នាំ២០១៣ ក៏ជាផ្នែកនៃការពន្យារពេលក្នុងការសាងសង់បញ្ចប់ផងដែរ។  នៅឆ្នាំ២០១៧ សណ្ឋាគារនេះ មានសកម្មភាពមួយចំនួន ដោយគេឃើញមានកងយោធារបស់កូរ៉េធ្វើការនៅទីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here