ដោយៈ ប៊ី
ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល លោកជៀប សួរបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា ក្រុមហ៊ុន KrisEnergy នឹងនាំចេញប្រេងកាតរបស់កម្ពុជា ដែលបាន និងកំពុងដំណើរការបូមជាប្រចាំរៀងរាល់ថ្ងៃ នៅអណ្តូរអប្សរា ក្នុងប្លុក A ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែឧសភា ឆ្នាំ២០២១នេះហើយ បើមិនមានអ្វីប្រែប្រួលនោះទេ។
លោកអគ្គនាយកជៀប សួរបានឱ្យដឹងថា ការនាំចេញប្រេងឆៅជាលើកដំបូង និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជានេះ ក្នុងបរិមាណពី២៧ម៉ឺន ទៅ ៣០ម៉ឺនប៉ារែល ដែលស្ថិតក្នុងនាវាផ្ទុកប្រេង។ (១បារ៉ែលស្មើនឹង ១៥៨.៩៩លីត្រ)។
-->
លោកជៀប សួរបានថ្លែងថា “ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរី KrisEnergy នឹងនាំចេញប្រេងរបស់កម្ពុជា ទៅលក់នៅលើទីផ្សារអន្តរជាតិ នៅអំឡុងខែឧសភានេះ។ ចំពោះដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអាចនឹងនាំចេញប្រេងឆៅ ក្នុងបរិមាណ
ចន្លោះពី២៧ម៉ឺនបារ៉ែល ទៅ៣០ម៉ឺនបារ៉ែល ហើយបរិមាណប្រេងនាំចេញនេះ វាប្រែប្រួលទៅតាម ការវាស់វែងជាក់ស្តែង”។
យ៉ាងណាលោកអគ្គនាយក មិនទាន់អាចបញ្ជាក់បាននោះទេ ថាការនាំចេញប្រេងឆៅលើកដំបូងរបស់កម្ពុជានេះ នឹងត្រូវបានដឹកទៅកាន់ទីផ្សារប្រទេសណា ហើយលក់ក្នុងតម្លៃប៉ុន្មាន ព្រោះត្រូវពិនិត្យទៅតាមស្ថានភាពជាក់ស្ដែង។
អណ្តូងប្រេងកាតចំនួន៥ ក្នុងប្លុក A តំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញជាបន្តបន្ទាប់ ដោយទទួលបានប្រមាណ ២០០០បារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ។
ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រភពធនធានចំណូលថ្មីមួយ ត្រូវបានប្រកាសបូមបានពីប្លុក A ដែនសមុទ្រកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលជាសមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ។ ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល៕