ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ លោកប៊ុង ប៊ុនហួនបានអះអាងថា ការសាងសង់ផ្លូវជាតិលេខ១០ សម្រេចបានជិត៤៩ភាឡរយហើយ។
ក្នុងឱកាសដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិដ៏សំខាន់នេះ លោករដ្ឋលេខាធិការបានឲ្យដឹងថា ជាលទ្ធផល ការសាងសង់ផ្លូវនេះសម្រេចបាន៤៨,៧៧% ហើយគិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ ហើយបច្ចុប្បន្នក្រុមហ៊ុនសាងសង់ កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ទោះបីកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។
ផ្លូវជាតិលេខ១០មានប្រវែង១៩៧,៣៦ គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញ អ្នកទេសចរណ៍ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត។
លោកប៊ុង ប៊ុនហួន បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងចូលរួមអនុវត្តន៍ ឱ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នាដើម្បីបញ្ជៀសការឆ្លងជម្ងឺកូវីដ-១៩៕