ដំណាំកសិឧស្សាហកម្មកំពុងជំរុញសេដ្ឋកិច្ចខេត្តត្បូងឃ្មុំឲ្យកាន់តែអភិវឌ្ឍន៍

0

ដោយៈរតនៈ
ភ្នំពេញៈ បើទោះជាខេត្តត្បូងឃ្មុំជាខេត្តកើតថ្មី ដែលត្រូវការអភិវឌ្ឍនលើកផ្នែកជាច្រើនក្តី ប៉ុន្តែវិស័យកសិឧស្សាហកម្ម គឺជាផ្នែកមួយដែលជួយឲ្យជំរុញខេត្តកូនពៅមួយនេះឲ្យអភិវឌ្ឍន៍ និងមានភាពរីកចំរើន។

អភិបាលខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ បានប្រាប់ Propertyarea នៅថ្ងៃទី១៨ ខែឧសភានេះថា ខេត្តត្បូងឃ្មុំគឺជាខេត្ត ដែលបង្កើតមែនតែខេត្តមួយនេះកំពុងតែបង្កើនសក្ដានុពលលើគ្រប់ផ្នែក ក្នុងនោះផ្នែកមួយដែលមានសក្តានុពល គឺដំណាំកសិឧស្សាហកម្ម ដែលមានដូចជា ដំណាំកៅស៊ូមានប្រមាណជា៨ ទៅ៩ម៉ឺនហិចតាក្នុងនោះភាគច្រើនជាដំណាំបែបគ្រួសារ និង លក្ខណៈឧស្សាហកម្មមានប្រមាណ៣ ទៅ៤ម៉ឺនហិចតា។

លោកបន្តថា “ក្រៅពីកៅស៊ូ ខេត្តត្បូងឃ្មុំ មានដំណាំជាច្រើនទៀត ដែលគាំទ្រដល់វិស័យកសិឧស្សាហកម្ម ដូចជា ដំឡូងមី សណ្ដែក ល្ង ចន្ទី ជាដើមដែលផ្ដល់ផលរាប់សែនតោនក្នុងមួយឆ្នាំ”។

ខេត្តត្បូងឃ្មុំ ត្រូវបានចេញប្រកាសបង្កើតឡើងនៅដើមខែមករា ឆ្នាំ២០១៤ មានផ្ទៃដី៤៩២៨គីឡូម៉ែត្រការ៉េ។
ស្រុកនៃខេត្តត្បូងឃ្មុំដែលគេសង្កេតឃើញមាន ដំណាំកសិឧស្សាហកម្មច្រើនមានដូចជា ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់ជាដើម។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថ្លែងមានប្រសាសន៍៍ថា ដំណាំកសិឧស្សាហម្ម គឺពិតជាបានជួយសេដ្ឋកិច្ចខេត្តត្បូងឃ្មុំបានយ៉ាងច្រើន ព្រោះថាដំណាំទាំងនោះ គឺមានស្រាប់តាំងពីខេត្តចុងក្រោយមួយនេះបានបង្កើត ព្រោះថាខេត្តត្បូងឃ្មុំគឺជាខេត្ត ដែលដែលភាគច្រើនជាប្រភេទតំបន់ដីក្រហម អំណោយផលដល់ដំណាំកសិឧស្សាហកម្ម។

លោកមានសុទិដ្ឋិនិយមថាខេត្តមួយនេះ នឹងបន្តបង្កើនសក្តានុពលផ្នែកដំណាំកសិឧស្សាហកម្ម ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធកាន់តែរីកដុះដាល បានគ្រប់តំបន់ក្នុងខេត្តមួយនេះ។

លោកឧកញ៉ាលឹម ហេងបានបន្តថា បច្ចុប្បន្នដំណាំកសិកម្មមួយចំនួន ក៏វិវឌ្ឍន៍មកជាដំណាំកសិឧស្សាហកម្មផងដែរ ខណៈដែលកម្ពុជាបានចុះកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើនដូចជា ចិន កូរ៉េ ជាដើមនោះនឹងមកបង្កើតរោងចក្រកែច្នៃនៅកម្ពុជាដើម្បីនាំចេញទៅក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here