ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលនឹងពង្រីកយុទ្ធនាការនៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនឹងពង្រីកទៅគ្រប់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលនៅខខែមិថុនាខាងមុខនេះ។
រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាជាង១,២លាននាក់ហើយបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេស។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ នៅទូទាំងប្រទេសថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា នៅក្នុងខែមិថុនាខាងមុខនេះ វ៉ាក់សាំងមួយចំនួនទៀតនឹងមកដល់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ដែលលោកស្រីរំពឹងថា គ្រប់ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ នឹងអាចចាក់ជូនដល់ប្រជាពលរដ្ឋទាំងអស់។

លោកស្រីមានប្រសាសន៍ថា “មិនតែប៉ុណ្ណោះយើងនឹងពិចារណា និងសិក្សាឱ្យបានលម្អិតពីលទ្ធភាពដែលយើងអាចធ្វើបាន រួមនឹងវ៉ាក់សាំង ដែលយើងមាននៅក្នុងដៃរបស់យើង គឺយើងនឹងរុញវ៉ាក់សាំងទាំងនេះ ទៅចាក់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល”។
-->
គម្រោងនៃដំណើរការចាក់វ៉ាក់សាំងនេះ គឺជាការសម្រេចរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រីឱ វណ្ណឌីន បន្ថែមថា នៅពេលដែលមានវ៉ាក់សាំងបញ្ជូនមកកម្ពុជាជាបន្តទៀត យើងនឹងរុញវ៉ាក់សាំងនេះ ទៅចាក់ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ នៅពេលដែលយើងចាក់បានគ្រប់ចប់អស់ក្នុងខេត្តកណ្តាល។
វ៉ាក់សាំងការពារវីរុសកូវីដ ១៩ គឺជួយក្នុងការបង្កើតនូវកងការពារ ដើម្បីកាត់បន្ថយបានជាអតិបរមានូវភាពធ្ងន់ធ្ងរ ពីការវាយលុករបស់វីរុសកូវីដ ១៩ ផង ហើយក៏កាត់បន្ថយបានជាអតិបរមានូវអត្រាចូលសម្រាកពេទ្យ និងអត្រាមរណភាព។
ប្រទេសកម្ពុជារហូតមកទល់ពេលនេះ មានវ៉ាក់សាំងទាំងជាជំនួយ និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានសរុបជាង៥លានដូសហើយ ដែលភាគច្រើនបំផុតជារបស់ប្រទេសចិន។
ជាមួយគ្នានេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញ បានលើកឡើងពីការបង្រួមឱ្យតូច នូវតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ប៉ុន្តែសម្រាប់ការអនុវត្តន៍ នូវបំរាមគោចរក្នុងការធ្វើចរាចរណ៍នៅពេលយប់ លោកមិនទាន់អាចបញ្ជាក់ប្រាប់មុនបានទេ។ «ខ្ញុំនឹងប្រកាសនៅថ្ងៃស្អែក ថាតើបំរាមគោចរនៃការធ្វើដំណើរពេលយប់នឹងត្រូវដកចេញ ឬនៅតែបន្តអនុវត្តទៀត៕