ការសិក្សាៈ ក្រុមហ៊ុនអាមេរិកធំៗជាច្រើនទទួលរងនូវបន្ទុកពន្ធពីការធ្វើការសង្គ្រាមពាណិជ្ជកម្មជាមួយចិន

0

ដោយៈ ម៉ាណេត
ភ្នំពេញៈ ភ្នាក់ងារស្រាវជ្រាវ និងវាយតម្លៃសេដ្ឋកិច្ច Moody’s បានឱ្យដឹងថា អាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកធំៗជាច្រើន កំពុងទទួលបន្ទុកក្នុងការចំណាយភាគច្រើន ពីការដំឡើងពន្ធគយ ក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មអាមេរិកនិងចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។

ទីភ្នាក់ងារវាយតម្លៃបាននិយាយនៅក្នុងរបាយការណ៍ថ្ងៃចន្ទថា អ្នកនាំចូលសហរដ្ឋអាមេរិកបានស្រូបយកច្រើនជាង៩០% នៃការចំណាយបន្ថែម ដែលបណ្តាលមកពីការដំឡើងពន្ធ២០%របស់សហរដ្ឋអាមេរិកលើទំនិញចិន។

នោះមានន័យថា អ្នកនាំចូលអាមេរិកបង់ពន្ធប្រហែល១៨,៥% សម្រាប់មុខទំនិញចិន នៃអត្រាពន្ធ ២០% ខណៈអ្នកនាំចេញចិនបង់ពន្ធត្រឹម១,៥%។

ភ្នាក់ងារ Moody’s បានឱ្យដឹងក្នុងរបាយការណ៍ថា “ថ្លៃពន្ធភាគច្រើនត្រូវបានដាក់ទៅលើក្រុមហ៊ុននាំចូលអាមេរិក”។
ទីភ្នាក់ងារនេះបានបន្ថែមទៀតថា “ប្រសិនបើពន្ធគយនៅតែមានដដែល សម្ពាធលើអ្នកលក់រាយនៅអាមេរិកទំនងជានឹងកើនឡើង ដែលនាំឱ្យមានការឡើងថ្លៃតម្លៃទំនិញប្រើប្រាស់”។

ពន្ធគយពាណិជ្ជកម្មខ្ពស់បានចូលជាធរមាន ក្នុងអាណត្តិអតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ ភ្នាក់ងារMoody’s បាននិយាយថា ពន្ធគយទាំងនោះភាគច្រើននៅតែបន្តអនុវត្ត ហើយប៉ះពាល់ដល់ពាក់កណ្តាលនៃលំហូរពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

ពន្ធអាមេរិកលើទំនិញចិនមានអត្រាជាមធ្យម១៩,៣% ដោយផ្អែកលើទំងន់ពាណិជ្ជកម្ម នៅដើមឆ្នាំ២០២១ ស្របពេល ដែលពន្ធគយចិន លើផលិតផលអាមេរិកមានប្រហែល២០,៧%។ នេះបើយោងតាមទិន្នន័យចងក្រងដោយវិទ្យាស្ថាន Peterson។

ទិន្នន័យបានបង្ហាញថា មុនពេលសង្រ្គាមពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន នៅដើមឆ្នាំ២០១៨ ពន្ធសហរដ្ឋអាមេរិកលើទំនិញចិនមានអត្រាជាមធ្យម៣,១% ខណៈពន្ធរបស់ចិនលើទំនិញអាមេរិកមាន៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here