ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ការឈានជើងមកចាប់យកចំណែក ទីផ្សាររបស់ផ្សារបែបMini Mart 7 Eleven នៅកម្ពុជាទទួលជោគជ័យកម្រិតណា អ្វីៗនឹងបង្ហាញលទ្ឋផលនៅពេលផ្សារនេះបើកដំណើរការនៅខែកក្កដាខាងមុខ។
យោងតាមសេចក្ដីប្រកាសជាផ្លូវការបស់នាយកដ្ឋាន ជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងកាលពីពេលថ្មីៗនេះថា 7 Eleven នឹងបើកដំណើរការដំបូង នៅស្ថានីយ៍ប្រេងឥន្ឋនៈ ក្នុងខ័ណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។ បច្ចុប្បន្ន ក្រុមការងារកំពុងបញ្ចប់ការសាងសង់ និងការតុបតែងផ្នែកខាងក្នុង។ ដូច្នេះបើការបិទខ្ទប់មិនប៉ះពាល់ខ្លាំងដល់ការងារនេះទេ ផ្សារ 7-Eleven នឹងបើកតាមផែនការ។
ក្រុមហ៊ុនដ៏ធំរបស់ថៃឈ្មោះ CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ បានបញ្ជូនបុគ្គលិកជាន់ខ្ពស់ពីប្រទេសថៃមកកម្ពុជារួមហើយ ខណៈនេះកំពុងជ្រើសរើសបុគ្គលិកក្នុងស្រុកបន្ថែមទៀតជាច្រើនអ្នក។