ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ចាប់តាំងពីមានការចាកចេញរបស់ជនជាតិចិន ពីក្រុងព្រះសីហនុនិងរហូតមកដល់វិបត្តិកូវីដ១៩ គម្រោងវិនិយោគថ្មីៗនៅក្នុងទឹកដីខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថា មានសភាពនៅទ្រឹងបន្តិច ប៉ុន្តែអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានជឿជាក់និងរំពឹងថា ការវិនិយោគនៅក្នុងក្រុងព្រះសីហនុ នឹងទទួលបានឡើងវិញនៅពេលចប់វិបត្តិ។
ស្ថាបនិកនិងនាយកក្រុមហ៊ុនឃីរៀលអេស្ទេត លោកសន សៀបបានមានប្រសាសន៍ក្នុងសន្និសីទសារព៌តមានស្តីពីបច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុ ក្នុងអំឡុងវិបត្តិកូវីដ១៩នាព្រឹកថ្ងៃទី២០ ឧសភានេះថា បន្ទាប់ពីវិបត្តិត្រូវបានគ្រប់គ្រងឆ្នាំក្រោយៗនឹងមានការវិនិយោគថ្មីៗ នៅក្នុងខេត្តព្រះសីហនុ ពីព្រោះបច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុងខេត្តនេះផ្ទាល់ និងតភ្ជាប់ពីរាជធានីភ្នំពេញ ដែលមានផ្លូវល្បឿនលឿនផងដែរ។
លោកបន្តថា “មិនតែប៉ុណ្ណោះ ខេត្តនេះក៏មានឆ្នេរខ្សាច់ កោះស្រស់ស្អាតជាច្រើនកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងមានការអភិវឌ្ឍក្នុងកោះទាំងនោះជាបន្តបន្ទាប់”។
លោកបន្តថាក្រៅពីនេះ នៅខេត្តព្រះសីហនុ ក៏មានតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចកំពុងរៀបចំជាបន្តបន្ទាប់ ហើយតំបន់សេដ្ឋកិច្ចពិសេសនោះទាំងភាគច្រើន ជាការវិនិយោគរបស់វិនិយោគិនចិន។