ដោយៈ ម៉ាណេត
ភ្នំពេញៈ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ នៅឆ្នាំ២០២១ខាងមុខនេះ ដែលបណ្តាល ឱ្យវិស័យអចលនទ្រព្យផលប៉ះពាល់មួយចំនួន ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិនានាបានចាប់ផ្តើមឈានជើងចូលកម្ពុជា ដែលតម្រូវឱ្យក្រុមហ៊ុនក្នុងស្រុកត្រៀមខ្លួន ដើម្បីប្រកួតប្រជែង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា(CVEA)លោកច្រឹកសុខនីមបានលើកឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា សេដ្ឋកិច្ចសាកលបានចាប់ផ្តើមល្អជាបណ្តើរៗឡើងវិញ ហើយសកម្មភាពនៃវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ចាប់ផ្តើមវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញបណ្តើរៗ ហើយក្នុងនោះក៏ក្រុមហ៊ុនភ្នាក់ងារថ្មីៗបន្ថែមទៀតបានចូលមកក្នុងទីផ្សារកម្ពុជា ដែលវាអាចបង្កើតការប្រកួតប្រជែងដល់ក្រុមហ៊ុនភ្នាក់ងារមានស្រាប់នៅក្នុងស្រុកមួយចំនួន។
លោកបានថ្លែងថា “វត្តមានក្រុមហ៊ុនបរទេស នឹងជម្រុញឱ្យមានការប្រកួតប្រជែងគ្នាជាមិនខាន”។ ដោយឡែកសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុនថ្មីៗ ចូលមកបន្ថែមទៀតជាមិនខាន ដែលក្នុងនោះមានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិផងដែរ”។