សម្តេចតេជោផ្តល់អនុសាសន៍សំខាន់ៗដល់បណ្តាប្រទេសក្នុងតំបន់អាស៊ីដើម្បី ស្តារសេដ្ឋកិច្ចឡើងវិញ

0

ដោយៈ ប៊ី
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនូវអនុសាសន៍ពីកិច្ចការអាទិភាពនិងទិសដៅមួយចំនួន ដល់បណ្តាប្រទេសក្នុងតំបន់អាស៊ី ដើម្បីស្តារប្រទេសឡើងវិញ ដែលធានាបានការអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩។

សម្តេចតេជោ បានថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ ការរៀបចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដ១៩ តួនាទីរបស់អាស៊ី ក្នុងការស្តារពិភពលោកឡើងវិញ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែឧសភានេះថា ដើម្បីជំរុញការងើបឡើងវិញ នៃសង្គមសេដ្ឋកិច្ចប្រកបដោយសមធម៌ ចីរភាពនិងបរិយាបន្ន យើងទាំងអស់គ្នា ចាំបាច់ត្រូវគិតគូរ ចំពោះមុខការទប់ស្កាត់ការរីករាលដាល និងគ្រប់គ្រងផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ១៩ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីឲ្យប្រទេសទាំងអស់អាចចាប់ផ្ដើមដំណើរការស្ដារ និងងើបឡើងវិញបានប្រកបដោយប្រសិទ្ធភាព។

សម្តេចតេជោបន្ថែមថា “ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាលក្ខណៈសាកលដែលបែបនេះ ទាមទារនូវការសាមគ្គីភាព ការជឿទុកចិត្ត ការគិតគូរ និងអនុវត្តរួមគ្នាប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសនីមួយៗ”។សម្តេចបន្តថា “ក្នុងស្មារតីនេះអាស៊ីត្រូវផ្ដល់អាទិភាពខ្ពស់និងចាំបាច់បំផុត ក្នុងការធានាវ៉ាក់សាំងបង្ការ និងថ្នាំព្យាបាលជំងឺកូវីដ១៩ គឺជាទំនិញសាធារណៈសាកល ដែលត្រូវបានផ្គត់ផ្គង់ និងចែកចាយក្នុងស្មារតីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ជាពិសេសប្រទេស ដែលងាយរងគ្រោះ”។

សម្តេចតេជោបានលើកឡើងថា អាស៊ីចាំបាច់ត្រូវដឹកមុខ ក្នុងការបើកចំហនូវទីផ្សារពាណិជ្ជកម្ម លើឧបករណ៍វេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ស្បៀងអាហារ ដោយមិនត្រូវដាក់កម្រិតណាមួយនោះទេ ជាពិសេសត្រូវកាត់បន្ថយឬលុបបំបាត់ពន្ធគយ និងកែសម្រួលវិធាន មិនមែនពន្ធដារលើទំនិញសេវាកម្មវេជ្ជសាស្ត្រ និងលុបបំបាត់ការរឹតត្បិតការនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ។

សម្តេចតេជោបានថ្លែងបន្តថា ម្យ៉ាងវិញទៀតក្នុងបរិបទនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ យើងត្រូវជំរុញបដិវត្តន៍Digital តំបន់យើង ដែលជាប្រភពកំណើតថ្មីសម្រា ប់ជំរុញកំណើនសេដ្ឋកិច្ចតំបន់ តាមរយៈការផ្ដួចផ្ដើមនិងជំរុញការរៀបចំអភិបាលកិច្ច រួមសម្រាប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលរាប់បញ្ចូលទាំងការកំណត់ស្តង់ដារបញ្ញត្តិឯកជនភាពនិងការចែករំលែកទិន្នន័យជាដើម។

សម្តេចតេជោបានថ្លែងទៀតថា ជាងនេះទៅទៀតអាស៊ី ត្រូវពង្រឹងយន្តការក្នុងតំបន់ក្នុងការសម្របសម្រួល ការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធានាឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់ទន្ទឹមនឹងការខិតខំជំរុញលើកកម្ពស់ពីប្រតិកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ ក៏ដូចជា ជំរុញលើកស្ទួយតួនាទី និងជីវភាពរបស់វិស័យឯកជន សំដៅជំរុញវិនិយោគនិងមូលធនឯកជន នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ឬប្រទេស អភិវឌ្ឍទាប ជាពិសេសគឺការវិនិយោគផ្ទាល់ពីបរទេស ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្ដារឡើងវិញ នូវកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព។

ការពង្រឹងគោលការណ៍សកលភាវូពាណិជ្ជកម្ម យន្តការពហុភាគីនិយមនិងសេរីភាវូបពាណិជ្ជកម្ម ពាណិជ្ជកម្ម និងការវិនិយោគ នៅតែជាកិច្ចការចាំបាច់ តាមរយៈការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ី តំបន់ស៊ីជម្រៅនិងពង្រឹងខ្សែសង្វាក់ ផ្គត់ផ្គង់ ឧស្សា ហកម្ម ទិន្នន័យព័ត៌មាន ធនធានមនុស្សនិងកិច្ចសម្របសម្រួលពាណិជ្ជកម្ម។

សន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ ការរៀប ចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដ-១៩ តួនាទីរបស់អាស៊ី ក្នុងការស្តារពិភពលោកឡើងវិញ តាមរយៈប្រព័ន្ធវីដេអូនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុននីកកេ តាមប្រព័ន្ធវីដេអូ ដែលមានសារសំខាន់ សម្រាប់ថ្នាក់ដឹកនាំនិងដៃគូពាក់ព័ន្ធទាំងអស់បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈ អំពីស្ថានការណ៍នៃការវិវត្តន៍ នៅក្នុងតំបន់ និងសកលលោក ជាពិសេសការគិតគូរអំពីទិសដៅអនាគត សម្រាប់កិច្ចអភិវឌ្ឍន៍តំបន់អាស៊ី ក្នុងនិងក្រោយពេលវិបត្តិកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here