ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន សិង្ហបុរី KrisEnergy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិរុករក និងបូមប្រេងនៅកម្ពុជា នឹងនាំចេញប្រេងឆៅជាលើកដំបូងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ចន្លោះពី២៧៥ពាន់ទៅ៣០០ពាន់ប៉ារ៉ែលនៅក្នុងខែឧសភា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល លោកជៀប សួរ បានបញ្ជាក់កាលពីម្សិលមិញថា ការនាំចេញប្រេងឆៅក្នុងដំណាក់កាលដំបូងនេះ នឹងអាចប្រែប្រួលទៅតាមខ្នាតរង្វាស់រង្វាល់ជាក់ស្តែង។
លោកបានឲ្យដឹងថា សម្រាប់ទិសដៅនៃការនាំចេញ បច្ចុប្បន្នក្រសួងកំពុងពិនិត្យជាមួយក្រុមហ៊ុនអំពីការស្នើរសុំទិញជាលើកទី១ ក្នុងនោះនៅពេលក្រសួងសម្រេចលើសំណើរណាមួយហើយនោះ នោះនឹងដឹងថា ប្រេងនេះនាំចេញទៅទិសដៅមួយណា និងការនាំយកទៅស្តុកទុកដាក់កន្លែងណាមួយ។ ដោយឡែក ជំហាននៃការនាំចេញប្រេងបន្ទាប់ ក្រសួងមិនទាន់ធ្វើការកំណត់ទៅតាមទិសដៅនាំចេញបាននៅឡើយ ដោយអាស្រ័យលើការផលិតជាក់ស្តែងនិងការស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត។
លោកបានលើកឡើងថា ទាក់ទងនិងដំណើរការផលិត ក៏ដូចជាការនាំចេញក្នុងស្ថានភាពនៃការរីករាលជំងឺឆ្លងកូវីដ១៩ ក្រុមហ៊ុនអាចនឹងជួបបញ្ហាខ្លះៗ ដោយសារប្រទេសមួយចំនួនក្នុងតំបន់ទទួលរងនៃការកើនឡើងចំពោះការរីករាលដាល ដែលបណ្តាលឲ្យមានការបិទរោងចក្រ សហគ្រាស ឬកន្លែងធ្វើការផ្សេងៗ ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់ខ្លះៗដែរ អំពីតម្រូវការ និងបញ្ហាថ្លៃលក់ចេញ។