ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។
នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានផ្លូវការនៅរសៀលថ្ងៃនេះ។
-->

អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ និងទទូចឲ្យគណៈកម្មការផ្សាររដ្ឋទាំងអស់ អាជីវករ និងអតិថិជន ត្រូវរួមគ្នាចូលរួមទប់ស្កាត់ តាមវិធានការសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាព ហើយបើសិនរកឃើញថា តាមទីផ្សារទាំងនោះនៅបន្ដមានការករណីឆ្លងជំងឺកូវីដ១៩ នោះសាលារាជធានីភ្នំពេញ និងបន្ដផ្អាកឡើងវិញ។

អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា មិនទាន់អនុញ្ញាតឲ្យបើកដំណើរការផ្សារមិនរៀបរយទាំងអស់នោះឡើយ ដូចជាផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍, ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវ ដើម្បីបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕