ដោយៈរតនៈ
ភ្នំពេញៈប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានព្យាករណ៍ថា អចលនទ្រព្យក្នុងស្រុកនឹងមានកំណើន ទិញលក់នៅឆមាសទី២ឆ្នាំ ២០២១នេះ ខណៈដែលវិនិយោគិនបរទេស នឹងចាប់ផ្ដើមចូលមកកម្ពជាបណ្ដើរៗនៅក្នុងឆ្នាំ ២០២២។
ក្នុងសន្និសិទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពទីផ្សារអចលនវត្ថុក្នុងកំឡុងកូវីដ-១៩ នាព្រឹកថ្ងៃទី២០ ឧសភានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម មានប្រសាសន៍ថា នៅចុងឆមាសទី១ឆ្នាំ២០២១គឺមានការផ្ទុះឡើងវិញជំងឺកូវីត១៩ តាមរយៈព្រឹត្តិការណ៍ ២០កុម្ភៈ ដែលធ្វើឲ្យការទិញលក់អចលនទ្រព្យនៅកម្ពុជា ហាក់មានការរាំងស្ទះ។
ប៉ុន្តែលោកច្រឹក សុខនីម ព្យាករណ៍ថា ចរន្តនៃការទិញ លក់ អចលនទ្រព្យនៅកម្ពុជា នឹងមានកំនើនឡើងវិញ នៅក្នុងឆមាសទី២នៃឆ្នាំ២០២១នេះ។
លោកពន្យល់ថា “មូលហេតុដែលចរន្តនៃការទិញ លក់ អចលនទ្រព្យនៅកម្ពុជាមិនអាចងើបឡើងវិញបាន ដោយសារតែមិនទាន់អាចគ្រប់គ្រងបាន នូវការរីករាលដាលជំងឺកូវីត១៩”។លោកបន្តថា “ប៉ុន្តែប្រសិនបើរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងបានហើយនោះ ជាពិសេសចំនួនអ្នកចាក់វ៉ាក់សាំងការពារកាន់តែច្រើន វិស័យទិញដូរអចលនទ្រព្យនេះនឹងងើបឡើងវិញ ព្រោះទាំងអតិថិជន និងអ្នកវិនិយោគបារម្ភពីសុខភាព និងសុវត្ថិភាពរបស់ពួកគាត់”។