ដោយៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញល្បីៗក្នុងវិស័យអចលទ្រព្យនៅកម្ពុជា បានលើកឡើងថា វិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មានរីកចម្រើនយ៉ាងខ្លាំង ខណៈការវិនិយោគរបស់ចិនបានជំរុញឲ្យតំបន់ទាំងពីរនេះក្លាយកន្លែងវិនិយោគអចលនទ្រព្យដ៏រីកចម្រើន។
ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកលឹម សុជាតិ បានលើកឡើងនៅថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះថា ចិនជាកំលាំងចលករមួយ ដែលបានជម្រុញការរីកចម្រើនវិស័យសេដ្ឋកិច្ច មិនមែនតែកម្ពុជាប៉ុណ្ណោះទេ ហើយថែមនៅក្នុងអាស៊ានទាំងមូល។
លោកបានបន្តថា ក្នុងនោះសម្រាប់ក្របខណ្ឌគោលនយោបាយ ដែលប្រទេសចិនបានអនុវត្តន៍ជាមួយកម្ពុជា គឺមានគ្រប់ផែនការអភិវឌ្ឍន៍ និងគញរប់ជ្រុងជ្រោយ ដូចជានាពេលកន្លងមកនេះ កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងពាណិជកម្មសេរីបន្ថែម ដែលការចុះកិច្ចព្រមព្រៀងនេះ គឺបានជួយពេញផ្ទៃប្រទេស ដោយមិនបានកំណត់នូវតំបន់ប៉ូលណាមួយឡើយ។
លោកបានបន្តថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការនេះ សម្រាប់ក្របខណ្ឌជាតិ ចិនមានកិច្ចសហការស្ទើរគ្រប់ប៉ូលសំខាន់ៗទាំងអស់ ប៉ុន្តែកម្រិតថ្នាក់ក្រោមជាតិ អ្នកវិនិយោគទុន គឺបានចាប់យកការវិនិយោគ ឬឱកាសណា ដែលមានផលវិជ្ជមានត្រឡប់មកវិញ ដូចជាការវិនិយោគលើវិស័យសំណង់ និងវិស័យឧស្សាហកម្មកាត់ដេរជាដើម ជាក់ស្តែងយើងសង្កេតឃើញថា តំបន់ចំនួនពីរគឺ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គឺជាតំបន់ប៉ូលសេដ្ឋកិច្ចល្អលើផ្នែកអចលចនទ្រព្យ ដែលកំពុងមានសន្ទុះរីកចម្រើន។