សុខុម
ភ្នំពេញ: ទីភ្នាក់ងារវាយតម្លៃឥណទានអាមេរិក Moody’s Investors Service ឬហៅកាត់ថា Moody’s លើកឡើងថា ប្រទេសកម្ពុជា បានឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅនឹងវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ ហើយរំពឹងថានឹងមានគោលនយោបាយគាំទ្របន្ថែមទៀតក្រោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បញ្ចប់។ នេះបើយោងតាមកាសែត Khmer Times ចុះផ្សាយនៅថ្ងៃទី២១ ឧសភា នេះ។

តាមរយៈរបាយការណ៍វិភាគឥណទានប្រចាំឆ្នាំដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១៩ ឧសភា ទីភ្នាក់ងារនេះនិយាយថា “ការគ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជា លើស្ថានការណ៍វិបត្តិកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់នៅក្នុង២០២០ កន្លងទៅ”។
របាយការណ៍ដដែលបន្ថែមទៀតថា “ដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ច រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ធនធានដែលខ្លួនមាននៅក្នុងវិធានការធំៗដើម្បីស្ដារសេដ្ឋកិច្ច”។
-->
ទន្ទឹមនឹងនេះ “ធនាគារជាតិនៃកម្ពុជា (NBC) បានធ្វើការរួមគ្នាជាមួយវិស័យហិរញ្ញវត្ថុក្នុងប្រទេសដើម្បីជួយសម្រាលបន្ទុករបស់អ្នកជាប់បំណុលដែលងាយរងគ្រោះ”។ វិធានការហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា គឺផ្ដោតសំខាន់លើការរៀបចំឥណទានឡើងវិញ ហើយវិធានការទាំងនោះរួមទាំងការបញ្ចុះអត្រាការប្រាក់ផងដែរ។

ទីភ្នាក់ងារវាយតម្លៃឥណទាន Moody’s បានធ្វើការកត់សម្គាល់ថា ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានារៀបចំឥណទានឡើងវិញសម្រាប់អ្នកខ្ចីប្រាក់នៅក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេដូចជា វិស័យទេសចរណ៍ វិស័យសម្លៀកបំពាក់ វិស័យសំណង់ និងវិស័យដឹកជញ្ជូនរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ក្នុងន័យជួយសម្រាលការលំបាករបស់ពួកគាត់។
ទន្ទឹមនេះ វិធានការសារពើពន្ធរបស់រដ្ឋាភិបាលក៏បានរួមបញ្ចូលទាំងការលើកកម្ពស់សុខភាពសាធារណៈ និងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយសារវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ តាមរយៈការបើកប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រងាយរងគ្រោះ រួមទាំងការចែកអំណោយគ្រឿងឧបភោគបរិភោគផងដែរ។
ទីភ្នាក់ងារនេះបានទទួលស្គាល់ថា បំណុលរបស់កម្ពុជា នឹងកើនឡើង ប៉ុន្តែថា វាស្ថិតនៅកម្រិត “មធ្យម” នៅឡើយបើធៀបទៅនឹងបណ្ដាប្រទេសជិតខាង។ រដ្ឋាភិបាលកម្ពុជា បានព្យាករថា បន្ទុកបំណុលរបស់ខ្លួននឹងកើនឡើងពី៣៦,៦%ក្នុងឆ្នាំ២០២០ដល់៣៨,៧%ក្នុងឆ្នាំ២០២៥។
របាយការណ៍វិភាគឥណទានប្រចាំឆ្នាំដែលបានដាក់កម្រិតគុណភាពឥណទាននៅប្រទេសកម្ពុជា ថា “មានស្ថិរភាព” នេះត្រូវបានចងក្រងដោយអ្នកវិភាគជាន់ខ្ពស់៣រូបនៅប្រទេសសិង្ហបុរី និង២រូបនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕