សម្តេចតេជោៈ បើចិនមិនជួយកម្ពុជា នោះប្រជាពលរដ្ឋកម្ពុជាគ្មានផ្លូវធ្វើដំណើរ និងស្ពានឆ្លងកាត់ទន្លេរនោះឡើយ

0

ដោយៈ ប៊ី
ភ្នំពេញៈ ប្រទេសចិន និងកម្ពុជាបានក្លាយមហាមិត្តដែកថែប និងមានទំនាក់ទំនងការទូតយ៉ាងប្រសើររវាងប្រទេស ហើយមហាយក្សចិន បាននិងកំពុងជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ១៩ ដែលបង្កទៅជាវិបត្តិសេដ្ឋកិច្ចសកល និងថែមទាំងផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗជាច្រើន ដើម្បីលើកកម្ពស់ដល់សេដ្ឋកិច្ចកម្ពុជា។

អ្នកសម្របសម្រួលបានចោទសំណួរទៅសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជាថា កម្ពុជាមានលំអៀងឬពឹងពាក់ខ្លាំងទៅលើចិន ក្នុងសន្និសីទអន្តរជាតិស្តីពី “អនា​គតរបស់អាស៊ី” ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។

សម្តេចតេជោចោទសួរត្រឡប់ទៅវិញថា “បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា? ទុក​ឱ្យប្រជាជនកម្ពុជាឆ្លងទន្លេ ឆ្លងព្រែកដោយជិះទូកដរ ដោយឆ្លងស្ពានឫស្សី ឬឈើប្រកបដោយគ្រោះថ្នាក់ ដោយគ្មានផ្លូវដើរ ឬយ៉ាងណា?”។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “បើចិនមិនជួយកម្ពុជា នោះប្រជាពលរដ្ឋកម្ពុជា គ្មានផ្លូវធ្វើដំណើរ និងស្ពានឆ្លងកាត់ទន្លេនោះឡើយ”។

សម្តេចតេជោ បានសង្កត់បន្ថែមថា ក្នុងនោះសូម្បីតែវ៉ាក់សាំងសម្រាប់ចាក់ប្រជាពលរដ្ឋកម្ពុជានេះ ក៏ជាការជួយរបស់ចិននោះដែរ ខណៈដែលទេសដទៃមិនមានអ្នកហារមាត់ផ្តល់វ៉ាក់សាំងនោះឡើយ។

សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ “សូម្បីតែវ៉ាក់សាំងដែលខ្ញុំរកមកចាក់ជូនប្រជាពលរដ្ឋជាង២លាននាក់ បើគ្មានជំនួយពីចិន និងការផ្គត់ផ្គង់ពីចិនដោយការលក់ យើងខ្ញុំ ក៏គ្មានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនកម្ពុជា។ ក្រៅពីខូវ៉ាក់ ដែលបានផ្តល់ជាង៣០ម៉ឺនដូស តើមានប្រទេសណាមួយបានហារមាត់បញ្ជូន ឬបញ្ជូនមកដល់កម្ពុជាហើយឬនៅនូវវ៉ាក់សាំងសម្រាប់ការចាក់?”។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា ប្រទេសកម្ពុជាមិនដែលបដិ​សេធនោះឡើយ សម្រាប់ជំនួយ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មពីបណ្តាប្រទេសដទៃ។ ជាមួយគ្នានេះ សម្តេចបានលើកករណីប្រទេសជប៉ុន ដែលបានជួយកម្ពុជាច្រើនជាងនៅទសវត្សរ៍ឆ្នាំ៩០ ហើយបន្តជួយមកដល់ពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ គូសបញ្ជាក់យ៉ាងដូច្នេះ “យើងខ្ញុំមិនបានបិទទ្វារសម្រាប់នរណាទាំងអស់ ទៅលើការទទួលយកជំនួយសម្រាប់កសាងប្រទេសកម្ពុជា ដូចជាជប៉ុនកំពុងកសាងផ្លូវជាតិលេខ៥ ដ៏ល្អ តភ្ជាប់ពីខេត្តកណ្តាល ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងធ្វើការសាងសង់ បន្ទាប់ពីការកសាងផ្លូវជាតិលេខ១ និងផ្លូវជាច្រើនខ្សែទៀត”។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបណ្តាប្រទេសនានា គួរពិនិត្យឡើងវិញ លើគោលនយោបាយការបរទេសរបស់កម្ពុជា ហើយគេគួរមានឥរិយាបថយ៉ាងណាចំពោះកម្ពុជា ទើបកម្ពុជាទទួលយក៕

LEAVE A REPLY

Please enter your comment!
Please enter your name here