គម្រោងបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់២៣០គីឡូវ៉ុលពីក្រចេះទៅខេត្តមណ្ឌលគិរី បានបើកដំណើការ

0

ដោយៈ ប៊ី
ភ្នំពេញៈ ខ្សែបញ្ជូន២៣០គីឡូវ៉ុល ភ្ជាប់ពីខេត្តក្រចេះមកខេត្តមណ្ឌលគិរី ចម្ងាយ១៣៣គីឡូម៉ែត្រ ព្រមទាំងដាក់ឲ្យដំណើរការ អនុស្ថានីយអគ្គិសនីតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ចំនួន២បានដាក់ឱ្យដំណើរការហើយ។ នេះបើយោងតាមបញ្ជាក់របស់លោកកែវ រតនៈរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី២០ ខែឧសភានេះ។
អនុស្ថានីយអគ្គិសនីតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ចំនួន២នេះ រួមានអនុស្ថានីយអគ្គិសនីអូរខ្វាវ កំលាំង33MVA ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ជាតំបន់អាជីវកម្មរ៉ែមាស និងអនុស្ថានីយអគ្គិសនីមណ្ឌលគិរី កំលាំង 50MVA ក្នុងក្រុងសែនមនោរម្យ។

សមិទ្ធផលដ៏ថ្មីនេះ គឺជាប្រភពផ្គត់ផ្គង់ថ្មី​ ដល់ខេត្តមណ្ឌលគិរីទាំងមូល និងជាពិសេ​សតំបន់ឧស្សាហកម្មរ៉ែមាស ដែលនឹងត្រូវចាប់ផ្តើមដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ។ កន្លងមកការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ គឺពឹងផ្អែកស្ទើរតែទាំងស្រុង លើការនាំចូលអគ្គិសនីពីប្រទេសវៀតណាម និងពីខេត្តរតនគិរី តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ២២ និង៣៥គីឡូវ៉ុល ដែលប្រភពនីមួយៗមានចម្ងាយជាង១០០គីឡូម៉ែត្រ ដែលបង្កឲ្យមានការរអាក់រអួលជារឿយៗ។
លោកកែវ រតនៈបានបញ្ជាក់បន្ថែមថា ខ្សែបញ្ជូនអគ្គិសនី២៣០គីឡូវ៉ុល និងអនុស្ថា​នីយអគ្គិសនីមណ្ឌលគិរីនេះ គឺទទួលបានពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលបានផ្តល់កម្ចីឥណទានសម្បទានសម្រាប់គម្រោងនេះ។

ជាមួយគ្នានេះដែរ ក៏ជាការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនបរទេស មកវិនិយោគឧស្សាហកម្មធន់ធ្ងន់ ដែលក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ពីប្រទេសអូស្រ្តាលី បានមកសិក្សាស្រាវជ្រាវ និងសាងសង់រោងចក្រផលិតមាស។

អនុស្ថានីយអគ្គិសនីអូរខ្វាវនេះ ត្រូវបានសាងសង់ដោយប្រើទុនវិនិយោគផ្ទាល់របស់ក្រុមហ៊ុនខាងលើ ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មរបស់គេ និងប្រើប្រាស់ជាប្រភពផ្គត់ផ្គង់អគ្គិសនី ដល់ការសិក្សាស្រាវជ្រាវធនធានរ៉ែផ្សេងៗ នៅតំបន់នេះបន្តទៀត ក៏ដូចជាជួយផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ជាពិសេសជូនបងប្អូនជនជាតិភាគតិចនៅជុំវិញទីនោះ។

អនុស្ថានីយអគ្គិសនីតង់ស្យុងខ្ពស់២៣០គីឡូវ៉ុលនេះ នឹងត្រូវប្រគល់ជូនជាអំណោ​យមកជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានអគ្គិសនីកម្ពុជាជាអ្នកគ្រប់គ្រងដំណើរការ។

លោកកែវ រតនៈបានបន្តថា ចាប់ពីពេលនេះ តទៅខេត្តមណ្ឌលគិរី នឹងទទួលបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ល្អប្រសើរច្រើនជាងមុន ដែលនឹងជួយទាក់ទាញអ្នកវិនិយោគទាំងផ្នែកកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលជាខេត្តមានសក្តានុពលធនធានធម្មជាតិដ៏ច្រើនសម្បូរបែប។

លោកបានបន្ថែមទៀតថា “នេះជាសមិទ្ធផលថ្មីមួយទៀត ក្រោមការចង្អុលទិសនិងគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលធ្វើឲ្យខេត្តមណ្ឌលគិរី កែប្រែនូវមុខមាត់ឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជួយបង្កើនចំណូលដលប្រជាពលរដ្ឋ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here