ផ្លូវជាតិសំខាន់ៗចំនួន៣នឹងជម្រុញសក្តានុពលខេត្តភូមិភាគពាយ័ព្យកាន់តែប្រសើរឡើង

0

ដោយៈរតនៈ
ពាយ័ព្យៈ ផ្លូវជាតិសំខាន់ៗចំនួនបីបាន និងកំពុងជម្រុញសក្តានុពលសេដ្ឋកិច្ច និងលើកកំពស់បរិយាកាសវិនិយោគ នៅភូមិភាគពាយ័ព្យ តាមរយៈសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មជាមួយប្រទេសជិតខាង។

អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃបានប្រាប់Propertyareaនៅថ្ងៃទី ២១ ខែ ឧសភានេះថា ផ្លូវធំៗចំនួន២ខែ្សគឺមានជាយូរមកហើយ គឺផ្លូវជាតិលេខ៥ និងផ្លូវស្របតាមផ្លូវរថភ្លើងតែផ្លូវទាំង២ខែ្សនេះ បាននិងកំពុងពង្រីកឲ្យកាន់តែធំ ដើម្បីសម្រួលដល់ការធ្វើដំណើរ ទាំងនៅក្នុងខេត្តពោធិ៍សាត់ និងឆ្លងទៅខេត្តផ្សេងៗ។

ដោយឡែកផ្លូវជាតិលេខ១០ ដែលបានស្ថាបនាពីខេត្តបាត់ដំបង មកកាន់ខេត្តពោ​ធិ​សាត់ និងតភ្ជាប់ទៅកាន់ខេត្តកោះកុង ក៏បាននិងកំពុងសាងសង់យ៉ាងសកម្មផងដែរ។ រហូតមកទល់ពេលនេះ ការស្ថាបនាផ្លូវនេះសម្រេចបានជាង៥០ភាឡគរយហើយ។

លោកចេង ឡៃបានបន្តថា ទីតាំងដែលអភិវឌ្ឍន៍ និងធ្វើឲ្យប្រែមុខមាត់ខេត្តពោធិ៍​សាត់ខ្លាំងជាងគេ គឺស្រុកវាលវែងដែលជាស្រុកទើបបង្កើតថ្មីមួយ ព្រោះថាមានផ្លូវសំខាន់ៗឆ្លងកាត់ដូចជា ផ្លូវលេខ១០ដែលកំពុងសាងសង់នេះ ក៏កាត់ស្រុកពោធិ៍សាត់ ផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ពីក្រុងពោធិ៍សាត់ ទៅទៅព្រំដែនខ្មែរ ថៃ ថ្មដារ បូករួមទាំងសម្រស់ធម្មជាតិនៅក្នុងស្រុកនេះ បានធ្វើឲ្យមានអ្នកវិនិយោគជាច្រើនចាប់អារម្មណ៍ដាក់ទុកលើវិស័យអចលនទ្រព្យនៅទីនោះ។

តែទោះជាយ៉ាងណាលោកថា តម្លៃដីដែលកើនឡើងលឿនជាងគេ ក្នុងខេត្តពោធិ៍​សាត់ គឺដីដែលនៅតាមបណ្ដោយផ្លូវជាតិលេខ៥។

លោកចេង ឡៃបានបន្តថា ក្រៅពីការពីផ្លូវសំខាន់ទាំង៣ខែ្ស ការអភិឌ្ឍសំណង់ក្នុងក្រុងពោធិ៍សាត់ ដូចជាបុរី ផ្ទះល្វែង និងសំណង់ផ្សេងៗទៀតបានកែប្រែមុខមាត់ខេត្តពោធិ៍សាត់ជាច្រើនផងដែរ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ឋ ជាទិសដៅអាទិភាពរបស់រដ្ឋាភិបាល ដើម្បីជំរុញកំនើនសេដ្ឋកិច្ចជាតិ ព្រោះបើចង់ឲ្យសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត រដ្ឋាភិបាលត្រូវតែវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ។

លោកបន្តថា “ជាក់ស្តែងផ្លូវជាតិលេខ១០ ដែលបានតភ្ជាប់ពីភូមិភាគពាយ័ព្យ មកកាន់តំបន់ឆ្នេរ ខេត្តកោះកុង មិនត្រឹមតែជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជានោះទេ តែជាការធ្វើឲ្យកម្ពុជា កាន់តែមានឯករាជ្យភាពខាងសេដ្ឋកិច្ច”។ លោកបន្តថា “ផ្លូវនេះនឹងសម្រួលការដឹកជញ្ជូនកសិផល ដ៏សម្បូរបែបពីភូមិភាគពាយ័ព្យ ទៅកាន់កំពង់ផែទឹកជ្រៅ ខេត្តកោះកុង ដើម្បីនាំចេញទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង”។

ជាមួយគ្នានេះ លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ថា តំបន់ភូមិភាគពាយ័ព្យមានសក្តានុពលខ្ពស់ លើការវិនិ​យោគផ្នែកអចលនទ្រព្យ ដែលបណ្តាខេត្តនានាដូចជាពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែតបាន និងកំពុងមានភាពរីកចម្រើន ប៉ុន្តែពីមុនមិនមានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិអាចទុកចិត្តបាន ដែលធ្វើឲ្យទំនុកចិត្តក្នុងវិស័យនេះនៅមានកម្រិត។

លោកស្រីបន្តថា “ហេតុនេះការមានវត្តមានរបស់Century21 ទៅបើកការិយាល័យនៅតំបន់នេះ នឹងធ្វើឲ្យវិស័យអចលទ្រព្យមានភាពរីកចម្រើនខ្លាំងនាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here