ក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិធំមួយនឹងបើកដំណើរសណ្ឋាគាររបស់ខ្លួន នៅកម្ពុជានៅដើមឆ្នាំក្រោយ

ចែករំលែក

ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនOakwood ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចធំមួយ នៅលើពិភពលោកបានប្រកាសថា ខ្លួននឹងពន្យាពេលបើកដំណើរការសណ្ឋាគាររបស់ខ្លួន នៅខែមករា ឆ្នាំក្រោយដោយសារជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

លោកស្រី Lina Abdullah ប្រធានគ្រប់គ្រងទូទៅប្រចាំតំបន់នៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងថៃ នៃក្រុមហ៊ុន Oakwood បាននិយាយថា នាពេលនេះ អាជីវកម្មស្នូលរបស់យើង ផ្តោតលើភ្ញៀវស្នាក់នៅរយៈពេលយូរ ហើយនេះបានជួយយើងឱ្យរួចផុតពីវិបត្តិជំងឺរាតត្បាត ហើយជាមួយគ្នានេះដែរ ក្រុមហ៊ុននឹងពន្យាពេលបើកដំណើរការសណ្ឋាគារមួយនៅភ្នំពេញទៅដើមឆ្នាំក្រោយ។

លោកស្រីបានថ្លែងថា “ក្រុមហ៊ុនក៏គ្រោងនឹងបើកសណ្ឋាគារមួយ នៅទីក្រុងភ្នំពេ​ញប្រទេសកម្ពុជាផងដែរ ប៉ុន្តែបានពន្យារពេលកាលបរិច្ឆេទ បើកដំណើរការរហូតដល់ខែមករា ឆ្នាំក្រោយ ដោយសារតែរលកឆ្លងថ្មីនៃជំងឺកូវីដ”។

ទាក់ទងនឹងការបើកដំណើរការសណ្ឋាគារ នៅទីក្រុងភ្នំពេញ ក្រុមហ៊ុនធ្លាប់បានប្រកាសថា គ្រោងនឹងបើកដំណើរការសណ្ឋាគាររបស់ខ្លួន នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១។

ជាមួយគ្នានេះដែរ សណ្ឋាគារ Oakwood Premier Phnom Penh នឹងមានការរួមបញ្ចូលសិល្បៈបុរាណ និងវប្បធម៌ខ្មែរ ជាមួយនឹងភាពឆើតឆាយនាពេលបច្ចុប្បន្ន ដែលផ្តល់នូវការស្នាក់បន្ទប់សណ្ឋាគារ និងអាផាតមិនចំនួន២០៧យូនីត៕


ចែករំលែក