ដោកយៈ ប៊ី
ភ្នំពេញៈ ស្ថានទូតកម្ពុជានៅទីក្រុងប៉ារីស ដោយសហការជាមួយGourmand World Cookbook Awards នឹងនាំយកសៀវភៅ “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ឬ The Taste of Angkor” ចូលរួមក្នុងពិធីតាំងពិព័រណ៍សៀវភៅមុខម្ហូបលំដាប់ពិភពលោក។
ការនាំយក សៀវភៅ “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ” នឹងប្រែក្លាយប្រពៃណីខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ឲ្យទៅជារូបមន្តធ្វើម្ហូបជាក់ស្តែង ដែលជាទីពេញនិយមចូលចិត្តបំផុតរបស់ ប្រជាជនខ្មែរ និងបានបង្ហាញពីភាពសម្បូរបែប នៃកេរ្តិ៍ដំណែលមុខម្ហូបខ្មែរ ដែលគួរតែចែករំលែកជាមួយមិត្តភក្តិទាំងអស់ នៅទូទាំងពិភពលោក។

-->
បើយោងតាម ផេកហ្វេសប៊ុក ផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនៅ ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២១នេះ បានឲ្យដឹងថា ក្នុងឱកាសខួបលើកទី២៥ឆ្នាំ នៃពានរង្វាន់ហ្គ័រម៉ង់ (Gourmand) ស្ថានទូតកម្ពុជានៅទីក្រុងប៉ារីស ដោយសហការជាមួយGourmand World Cookbook Awards មានកិត្តិយសនាំយកសៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ឬ The Taste of Angkor» ចូលរួមក្នុងពិធីតាំងពិព័រណ៍សៀវភៅ មុខម្ហូបលំដាប់ពិភពលោក នៅគេហដ្ឋានរបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នាទីក្រុង Björkborn ប្រទេសស៊ុយអែត ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១។

ប្រភពបន្ថែមថា សៀវភៅ «The Taste of Angkor» ដែលជាស្នាដៃសម្រិតសម្រាំង និងចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
លោកឧបនាយករដ្ឋមន្ដ្រីប្រាក់ សុខុនរដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា “សៀវភៅមុខម្ហូបនេះ បានប្រែក្លាយប្រពៃណីខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ឲ្យទៅជារូបមន្តធ្វើម្ហូបជាក់ស្តែង ដែលជាទីពេញនិយមចូលចិត្តបំផុតរបស់ប្រជាជនខ្មែរ និងបានបង្ហាញពីភាពសម្បូរបែប នៃកេរ្តិ៍ដំណែលមុខម្ហូបខ្មែរ ដែលគួរតែចែករំលែក ជាមួយមិត្តភក្តិទាំងអស់នៅទូទាំងពិភពលោកផងដែរ”។

នៅក្នុងរូបថតនេះ លោក Pelle Aorelius ដែលជាអ្នកទទួលបន្ទុករៀបចំពិព័រណ៍សៀវភៅមុខម្ហូប ដែលល្អបំផុតចំនួន៥០០ក្បាល មកពីប្រទេសចំនួន៥០ នៅលើពិភពលោកកំពុងកាន់សៀវភៅ «The Taste of Angkor» ដោយឈរនៅក្បែររូបសំណាករបស់ លោក អាល់ហ្វ្រេត ណូបែល(Alfred Nobel) នៅទីក្រុង Björkborn ប្រទេសស៊ុយអែត៕