ដោយៈគង់ សូរិយា
ភ្នំពេញៈ គំរោងសួនឧស្សាហកម្មកាណាឌីយ៉ាលើផ្លូវជាតិលេខ៥១ បាននិងកំពុងពង្រីកវិសាលភាពបន្ថែមទៀត ខណៈបច្ចុប្បន្នគំរោងនេះ មានទំហំផ្ទៃដីកើនឡើងដល់៦០០ហិកតារួចហើយ។
ប្រធានគ្រប់គ្រងគំរោងសួនឧស្សាហកម្មសហគ្រាសកាណាឌីយ៉ា ផ្លូវជាតិលេខ៥១លោកគូ បូរិនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៥ ឧសភានេះថា បច្ចុប្បន្នក្រុមហ៊ុន កំពុងចាក់ផ្លូវមេទំហំ២០ម៉ែត្រក្នុងគំរោងនេះហើយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមកពីសាធារណៈរដ្ឋកូរ៉េ ចិន និងពីប្រទេសមួយចំនួនទៀត បានចាប់អារម្មណ៍ចូលវិនិយោគក្នុងគំរោងនេះ។
-->
លោកបន្តថា “ដោយសារគំរោងនេះមានទំហំធំ យើងមិនទាន់អាចប៉ាន់ប្រមាណពីភាគរយនៃវឌ្ឈនភាពនៃគំរោងនេះនៅឡើយទេ ខណៈក្រុមហ៊ុនគ្រោងពង្រីកផ្ទៃដីជាបន្តបន្ទាប់ទៀត”។ លោកបន្តថា “គំរោងនេះរួមបញ្ចូលនូវលំនៅដ្ឋាន ផ្សារ រោងចក្រសំរាប់ជួល ដីសំរាប់ជួល និងមានដីសំរាប់លក់ផងដែរ”។
គំរោងសួនឧស្សាហកម្មសហគ្រាសកាណាឌីយ៉ា ស្ថិតនៅក្នុងឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីចំណុចថ្នល់ទទឹង នៃផ្លូវជាតិលេខ៤។
លោកគូ បូរិនបានបន្តថា “គំរោងនេះដើរតួនាទីសំខាន់ណាស់ ក្នុងការលើកកំពស់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រោះពេលគំរោងនេះដំណើរការពេញលេញអាចផ្តល់ការងារដល់កម្មករ និយោជិតរហូតដល់ប្រមាណ១០ម៉ឺននាក់ នាពេលអនាគត”។

បច្ចុប្បន្នផ្លូវជាតិលេខ៥១បាន និងកំពុងទាក់ទាញគំរោងវិនិយោគជាច្រើន រួមមានរោងចក្រ សហគ្រាស បុរី សំណង់ផ្ទះល្វែង សួនឧស្សាហកម្មជាដើម។
ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការអភភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងគោលនយោបាយរុញរោងចក្រ សហគ្រាសចេញពីទីក្រុង ទៅកាន់បណ្តាខេត្តនានាកៀកនឹងរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យមានការរីកចម្រើនផ្នែកនគរូបនីយកម្ម និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការទាញយកតម្លៃនៃសេដ្ឋកិច្ច។
លោកបន្តថា “ គម្រោងកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលគ្រោងចាប់ផ្តើមចេញពីផ្លូវជាតិលេខ៥១ និងភ្ជាប់ជាមួយផ្លូវជាតិលេខ៤១ បាននិងកំពុងធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នេះកើនឡើងយ៉ាងគំហុកផងដែរ”។លោកបន្តថា “ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យសេដ្ឋកិច្ច សង្គមមានការរីកចម្រើនយ៉ាងលឿន ដោយបានធ្វើឲ្យចរន្តសេដ្ឋកិច្ចហូរចូលគ្រប់ទិសទីនៃផ្ទៃប្រទេស”៕