ដោយៈ ម៉ាណេត
ភ្នំពេញៈ សកម្មភាពទិញលក់លំនៅដ្ឋាន និងដីធ្លីនៅជាយក្រុងគ្រប់ទិសទាំងអស់នៃរាជធានីភ្នំពេញ បានចាប់ផ្តើមមានការកម្រើកឡើងវិញ ដែលជាសញ្ញាមួយល្អសម្រាប់វិស័យអចលនទ្រព្យ បន្ទាប់ពីអ្នកវិនិយោគបង្កើនសកម្មភាពទិញលក់ និងវិនិយោគឡើងវិញ។

នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី លោកឌឹត ចណ្ណាបានថ្លែងប្រាប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះថា ចលនានៃការទិញលក់អចលនទ្រព្យបានចាប់ផ្តើមកម្រើកបន្តិច បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយ ដល់ការធ្វើដំណើររបស់ប្រជាជន។
-->
លោកបានថ្លែងថា “ជាធម្មតាអ្នកវិនិយោគ ឬអ្នករកទទួលទាននៅក្នុងវិស័យអចលនទ្រព្យមិនសូវជាចេះនៅស្ងាមនោះទេ ហើយការបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជនបានធ្វើឱ្យប្រជាជន ពិសេសអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ចាប់ផ្តើមបន្តសកម្មភាពវិនិយោគរបស់ពួកគាត់ឡើងវិញ”។
ជាមួយគ្នានេះដែរ លោកមើលឃើញថា សកម្មភាពទិញលក់មានការកម្រើកឡើងនៅជាយក្រុង ពិសេសការទិញលក់លំនៅដ្ឋាន និងដីធ្លីនៅជាយក្រុង ហើយនៅតាមខណ្ឌនៅជាយក្រុង ឃើញមានសកម្មភាពកម្រើកឡើងវិញ ទាំងនៅខណ្ឌសែនសុខ និងខណ្ឌដង្កោជាដើម។

លោកឌឹត ចណ្ណាបានថ្លែងបន្តថា មួយរយៈពេលចុងក្រោយនេះ តំបន់ជាយក្រុងនៅទិសទាំងអស់នៃរាជធានីភ្នំពេញ មានរីកលូតលាស់ព្រមគ្នាតែម្តង ខណៈតំបន់នៅជាយក្រុងនៅប៉ែកខាងកើត នៅមានតម្លៃសមរម្យជាងបន្តិច ដោយសារស្ពានមិនទាន់សាងសង់ ប៉ុន្តែចលនានៃការទិញលក់នៅតែមាន។
លោកបានលើកឡើងថា “លំនៅដ្ឋាន និងដីធ្លីមានសន្ទុះឡើងវិញខ្លាំងជាងគេនៅជាយក្រុងគ្រប់ទិសទាំងអស់ នៃទីក្រុងភ្នំពេញ បើធៀបនឹងផ្នែកផ្សេងៗទៀត នៃវិស័យអចលនទ្រព្យ”។
លោករំពឹងថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញ ទៅរកភាពល្អប្រសើរ នៅពេលរដ្ឋាភិបាលសម្រេច បានគោលដៅការពន្លឿនការចាក់វ៉ាក់កូវីដ១៩ ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានថ្លែងប្រាប់កាលពីថ្មីៗនេះផងដែរថា វិនិយោគិនក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមពិចារណា និងសិក្សាឡើងវិញបណ្តើរៗ និងទទួលយកព័ត៌មាន ដែលយើងផ្តល់ឱ្យពួកគាត់ ហើយយើងក៏ចាប់ផ្តើមធ្វើបច្ចុប្បន្ន មួយចំនួនជូនវិនិយោគិនមួយចំនួន។
លោកបានថ្លែងថា “វិនិយោគិនភាគច្រើនសម្លឹងមើលលើវិស័យដីធ្លី និងផ្ទះ បន្ទាប់ពីរដ្ឋាភិបាលចាប់ផ្តើម បន្ធូរបន្ថយការធ្វើដំណើររបស់ប្រជាជន”។
លោកបានលើកឡើងថា នេះជាសញ្ញាមួយល្អសម្រាប់វិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគបង្កើនសកម្មភាពទិញលក់ និងវិនិយោគឡើងវិញ បន្ទាប់មានភាពស្ងប់ស្ងាត់មួយរយៈពេល។ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពទីផ្សារអលនទ្រព្យ តម្លៃអចលនទ្រព្យមិនសូវមានសម្រាប់អតិថិជន ហើយតម្លៃអចលនទ្រព្យរក្សាភាពថ្លៃ និងនៅទ្រឹងដដែល៕