ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសរកឃើញ អ្នកឆ្លងកូវីដ១៩នៅប៉ុន្មានថ្ងៃចុងក្រោយនេះកើនឡើងវិញ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបិទខ្ទប់តំបន់មួយចំនួនឡើងវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែធំឡើង។
នៅក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី២៦ ឧសភា ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ដល់អាជ្ញាធរខណ្ឌទាំង១៤ ឱ្យចុះពិនិត្យផ្សារដែលបានបើកឱ្យដំណើរការឡើងវិញ និងតំបន់បិទខ្ទប់ (តំបន់លឿងទុំ) ដែលត្រូវអនុវត្តឱ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ខណៈដែលខណ្ឌមួយចំនួនបានផ្ទុះឡើងនូវជំងឺកូវីដ-១៩ជាថ្មីឡើងវិញ។

-->
លោកបន្តថា “ខណ្ឌមួយចំនួន កំពុងប្រឈមនឹងការបិទខ្ទប់ផ្នែកខ្លះឡើងវិញ ដោយសារតែមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ជាថ្មីឡើងវិញ”។
លោកបន្តថា “តំបន់ដែល ផ្ទុះឡើងវិញនូវជំងឺកូវីដ-១៩ជាថ្មីនេះ មានមួយផ្នែកខ្លះនៃខណ្ឌសែនសុខ នៅសហគមន៍ AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅភូមិឬស្សី ឬស្សីទី២ ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម”។
លោកឃួង ស្រេងបានបន្ថែមថា ចំពោះតំបន់លឿង រដ្ឋបាលរាជធានីភ្នំពេញ បើក ឱ្យដំណើរការជាធម្មតា មិនធ្វើការហាមប្រាមអ្វីនោះទេ ។ អ្វីដែលហាមប្រាម គឺតំបន់ដែលមានហានិភ័យខ្ពស់ នៃការឆ្លងកូវីដ-១៩តែប៉ុណ្ណោះ ដូចដែលបានកំណត់ជាទីតាំងបិទខ្ទប់ដូចប៉ុន្មានសង្កាត់ខាងលើ ។

លោកថា “ទីតាំងតំបន់លឿងទុំ ដែលបាននិងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌ ដែលពាក់ព័ន្ធ ត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនឲ្យមានការចេញ ចូលដាច់ខាត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត”។
លោកបញ្ជាក់ថា ការបើកផ្សារឡើងវិញនេះ ពិតជាមានហានិភ័យខ្ពស់ ចំពោះការឆ្លងរីករាលដាលជំងឺកូវី-១៩។
ដូច្នេះទាំងខណ្ឌ ទាំងគណៈកម្មការផ្សារ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារ ដោយត្រូវផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋ អាជីវករ អនុវត្តវិធានរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច៕