ដោយៈគង់ សូរិយា
ភ្នំពេញៈ បណ្តាប្រទេសមហាអនុតំបន់មេគង្គ (GMS) រួមគ្នាគិតគូរពីការទទួលស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំង ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ-១៩។
អគ្គនាយរងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ លោកសៀង នាគបានដឹកនាំ មន្ត្រីជំនាញក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គលើកទី៤៧ និងកិច្ចប្រជុំក្រុមប្រឹក្សា ភិបាលការិយាល័យទេសចរណ៍មេគង្គ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងប្រទេស ជាសមាជិកមហាអនុតំបន់មេគង្គ តំណាងធនាគាអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធ។
តាមរយៈកិច្ចប្រជុំនេះ បណ្តាប្រទេសក្នុងតំបន់មេគង្គបានដាក់ចេញនូវផែនការយុទ្ឋសាស្រ្តមួយចំនួនរួមមាន ទី១ ប្រទេសសមាជិក GMS គាំទ្រកម្ពុជា លើគំនិតផ្តួចផ្តើមធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ អង្គភាពទេសចរណ៍មេគង្គ (Mekong Destination) ដែលជាកម្មវិធីក្នុងទម្រង់កិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍មេគង្គ ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ជាមួយវិស័យឯកជន និងជាទម្រង់ផ្តល់យោបល់ លើការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់បានយ៉ាងល្អប្រសើរ។
ទី២ ប្រទេសជាសមាជិក GMS បានបង្ហាញពីឆន្ទះ ដើម្បីទាក់ទាញភ្ញៀវទេសចរចាក់វ៉ាក់សាំង នៅក្នុងផែនការស្តារវិស័យទេសចរណ៍ឡើងវិញ របស់ប្រទេសនីមួយៗ។
ក្នុងនោះកម្ពុជាបានបង្ហាញពីយុទ្ធសាស្ត្រសំខាន់ៗ នៃផែនទីចង្អុលផ្លូវស្តីពីការស្តារវិស័យទេសចរណ៍កម្ពុជា ក្នុងដំណាក់កាលកូវីដ-១៩ ២០២០-២០២៥ និងផែនការត្រៀមបើកទទួលកញ្ចប់ទេសចរណ៍ចាក់វ៉ាក់សាំង អំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដើម្បីបង្កើនទំនុកចិត្តលើគោលដៅទេសចរណ៍កម្ពុជា ចូលរួមស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។
ទី៣ អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងផែនការ ស្តារការទំនាក់ទំនងទេសចរណ៍មេគង្គឡើងវិញ (Mekong Tourism Communication Recovery Plan) សំដៅជំរុញការកសាងខ្លឹមសារ ផ្សព្វផ្សាយទេសចរណ៍មេគង្គត្រឹមត្រូវ (Right Messages) ជ្រើសរើសបណ្តាញផ្សព្វផ្សាយសមស្រប (Right Channels) និងផ្សព្វផ្សាយដល់គោលដៅទេសចរណ៍ទីផ្សារទេសចរណ៍សំខាន់ៗ (Right Market)។
ទី៤ អង្គប្រជុំបានវាយតម្លៃខ្ពស់ពីការគាំទ្រ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយបរិយាប័ន្នក្នុងវិស័យទេសចរណ៍ប្រទេសកម្ពុជា ឡាវ និងវៀតណាម។
កម្ពុជាក៏លើកពីការខិតខំជំរុញ ការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាព ដឹកនាំទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។
ទី៥ អង្គប្រជុំបានឯកភាពលើកាលបរិច្ឆេទ នៃកិច្ចប្រជុំក្រុមការងារទេសចរណ៍នៃប្រទេសមហាអនុតំបន់មេគង្គលើកទី៤៨ ដែលប្រទេសថៃគ្រោងនឹងធ្វើជាម្ចាស់ផ្ទះអំឡុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ និងបានឯកភាពលើសេចក្តីព្រាងចុងក្រោយ នៃលក្ខខណ្ឌជ្រើសរើសនាយកប្រតិបត្តិថ្មី របស់ការិយាល័យសម្របសម្រួលល ទេសចរណ៍មេគង្គ (ToR MTCO Executive Director) ដែលគ្រោងនឹងប្រកាសជ្រើសរើសនៅអំឡុងខែមិថុនា ខាងមុខនេះ៕