ការស្ថាបនាផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុសម្រេចជិត១០០ភាគរយ ខណៈគម្រោងនេះកំពុងលើកមុខមាត់ខេត្ត

0

ដោយៈ ប៊ី

ព្រះសីហនុៈ គម្រោងសាងសង់ផ្លូវក្រុងទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុ ជិតរួចរាល់១០០ភាគរយហើយ ខណៈគម្រោងនេះកំពុងលើកមុខមាត់ខេត្តព្រះសីហនុ ថែមមួយកម្រិតទៀត។ នេះបើយោងតាមការរាយការណ៍ពីវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រុងទាំង៣៤ខ្សែ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ នៅខេត្តព្រះសីហនុ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល អនុវត្តដោយ គ.អ.ឆ.ក.។

ការចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែនេះ មានការចូលរួមជាមួយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.អ.ឆ.ក. លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងសមាជិក គ.អ.ឆ.ក. រួមទាំងមន្រ្តីជំនាញផងដែរ។

ការងារស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែនេះ គិតមកដល់បច្ចុប្បន្នទទួលបានលទ្ធផលដូចតទៅ៖
*ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០%។
*ការងារអ៊ុតកៅស៊ូបេទីម កម្រាស់ ៧០មីលីម៉ែត្រ សម្រេចបាន ១០០%។
*ការងារគំនូសចរាចរណ៍សម្រេចបាន ១០០%។
*ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ សម្រេចបាន ១០០%។
*ការងារដំឡើងបង្គោលភ្លេីងបំភ្លឺផ្លូវសម្រេចបាន ១០០%។
*ការងារដាំដើមឈេីសម្រេចបាន ១០០%
*ការងារបន្ទប់ទឹកសាធារណៈសម្រេចបាន ៩៣%
*ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ៦០%
*ការងារធ្វើផ្លូវប្របឆ្នេរអូរឈើទាលកាត់តាមពយតាមូង សម្រេចបាន៩៥%
*ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ សម្រេចបាន ១០០%។
*ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ សម្រេចបាន ៨៤%។
និងកំពុងពិនិត្យលទ្ធភាពស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។

ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងព្រះសីហនុ ដែលទីគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅភាគនិរតីនោះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាជាតិរហូតដល់ទៅប្រមាណជា៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។ ផ្លូវទាំង៣៤ខ្សែ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here