ដោយៈ សុខុម
គូឡាឡាំពួ: រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៣០ ឧសភាថា ផ្សារទំនើបទាំងអស់នឹងត្រូវបិទ អំឡុងពេលបិទខ្ទប់ទាំងស្រុងរយៈពេល២សប្តាហ៍ ដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃដដែល។
ទោះជាយ៉ាងណា អំឡុងពេលបិទខ្ទប់ទាំងស្រុងនេះ វិស័យសេវាកម្មសំខាន់ៗចំនួន១៧នឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការធម្មតា។
វិស័យសំខាន់ៗទាំងនោះរួមមានវិស័យសុខាភិបាល វិស័យទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ ចំណីអាហារ និងភេសជ្ជៈ រដ្ឋាករទឹក និងអគ្គិសនី ព្រមទាំងវិស័យធនាគារផងដែរ។
-->

រដ្ឋាភិបាលក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុននានា ដែលស្ថិតក្រោមវិស័យផលិតកម្មចំនួន១២ឱ្យបន្តដំណើរការធម្មតាផងដែរដូចជាផលិតកម្មអាហារ និងភេសជ្ជៈ គ្រឿងបរិក្ខាវេជ្ជសាស្ត្រ វាយណភណ្ឌសម្រាប់ផលិតឧបករណ៍ការពារខ្លួន ព្រមទាំងប្រេងឥន្ធនៈ និងហ្គាសផងដែរ។
ទោះជាយ៉ាងណា វិស័យទាំងនេះនឹងត្រូវកាត់បន្ថយសមត្ថភាពផលិតមកនៅត្រឹម៦០%ដើម្បីកាត់បន្ថយហានិភ័យឆ្លងរាតត្បាតវីរុសកូវីដ-១៩។
នៅក្នុងសន្និសីទសារព័ត៌មាន ទេសរដ្ឋមន្ត្រី Ismail Sabri Yaakob បានលើកឡើងថា “យើងសង្ឃឹមថា វិស័យផលិតកម្មនឹងគោរពតាមបទបញ្ជារបស់រដ្ឋាភិបាល ព្រោះយើងបានដាក់លក្ខខណ្ឌឱ្យដំណើរការតែ៦០%នៃសមត្ថភាពផលិតប៉ុណ្ណោះ”។
លោកបានបន្ថែមថា “ប៉ុន្តែខ្ញុំបានអានផូស (post) ក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយឃើញថា ថៅកែបានបង្ខំឱ្យកម្មករនិយោជិតធ្វើការលើសពី៦០%នៃសមត្ថភាពផលិត”។
លោកបានគូសបញ្ជាក់ថា កម្មករនិយោជិតអាចរាយការណ៍មកក្រសួងធនធានមនុស្ស និងប៉ូលិសបាន ប្រសិនបើមានករណីថៅកែរំលោភបំពានបែបនេះ។

ទន្ទឹមនេះ លោកក៏បានលើកឡើងដែរថា ផ្សារទំនើបទាំងអស់នឹងត្រូវបិទ លើកលែងតែផ្សារទំនើប និងសហគ្រាសដែលលក់ និងផលិតអាហារ និងភេសជ្ជៈព្រមទាំងគ្រឿងបរិក្ខារចាំបាច់ជាមូលដ្ឋានផ្សេងៗទៀតប៉ុណ្ណោះ។
ជាវិធានការបិទខ្ទប់ នៅក្នុងមួយគ្រួសារត្រូវបានអនុញ្ញាតឱ្យតែមនុស្ស២នាក់ចេញក្រៅប៉ុណ្ណោះដើម្បីទិញរបស់របរចាំបាច់ ឬទៅស្វែងរកសេវាព្យាបាល ដោយកំហិតឱ្យធ្វើដំណើរបានត្រឹមតែក្នុងរង្វង់ដី១០គីឡូម៉ែត្រប៉ុណ្ណោះ។
ការប្រកាសកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានធ្វើឡើងបន្ទាប់ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃសុក្រ សប្តាហ៍មុនថា ប្រទេសម៉ាឡេស៊ី នឹងត្រូវបិទខ្ទប់ទាំងស្រុងរយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី០១ មិថុនា ដល់ថ្ងៃទី១៤ មិថុនា៕