ដោយៈ លក្ខិណា
ភ្នំពេញៈ ក្នុងសារលិខិតនៃ ឱកាសខួបលើកទី ៧២នៃទិវាកុមារអន្តរជាតិ ១មិថុនា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះនឹងបង្កើតបានធនធានមនុស្ស ដែលមានជំនាញប្រកបដោយសក្ដានុពលនាពេលអនាគត សំដៅធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។
ក្នុងសារលិខិតដដែលនេះ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា កន្លងទៅថ្មីៗនេះ កម្ពុជាគឺជាប្រទេសសមាជិកភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សារលើកុមារ ដែលជាទំព័រសករាជថ្មីក្នុងការបោះជំហានទៅមុខ ដើម្បីចូលរួមជាមួយបណ្ដាប្រទេសជាសមាជិកដទៃទៀតក្នុងសកលលោក ក្នុងឆន្ទៈបង្ហាញការប្ដេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានគ្រប់រូបភាពលើកុមារ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ។
សម្តេចតេជោមានប្រសាសន៍បន្តថា អាស្រ័យហេតុនេះហើយ ទើបកម្ពុជាបានក្លាយជាប្រទេសឈានមុខគេក្នុងបណ្ដាប្រទេសអាស៊ាន ដែលបានធ្វើការអង្កេតការសិក្សាស្រាវជ្រាវ ពីស្ថានភាបអំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្ដល់ភស្តុតាងជាក់លាក់នៃអំពើហិង្សាលើកុមារ ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ដែលកុមារបានជួបប្រទះ រួមទាំងបញ្ហាប្រឆមនានា។
សម្ដេចតេជោមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យកុមា
ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាពនិងគុណធម៌នៃការរស់នៅ ដោយចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងតម្លាភាពសង្គម ព្រមទាំងជំរុញឱ្យមានឱកាសក្នុងការអភិវឌ្ឍគ្រប់វិស័យ គ្រប់កម្រិត។
ក្នុងន័យនេះ យើងមានបេសកកម្មរួមគ្នាមួយគឺជំរុញការចូលរួមពីគ្រប់ក្រសួង ស្ថាប័នដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ គ្រួសារ សហគមន៍ រួមទាំងកុមារ ដើម្បីធ្វើឱ្យមានការអនុវត្តច្បាប់ ផែនការយុទ្ធសាស្ត្រជាតិ គោលនយោបាយបទដ្ឋានគតិយុត្តិ និងកម្មវិធីនានា សម្រេចបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល និងបានបន្តយកចិត្តទុកដាក់និងលើកកម្ពស់ការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងការប្ដេជ្ញាចិត្តគោរព ការពារ និងបំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋជាពិសេសកុមារ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាពនិងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៦ បានដាក់បញ្ចូលក្នុងកម្មវិធីគោលនយោបាយជាពិសេស យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងយុទ្ធសាស្ត្រទី១ ការអភិវឌ្ឍធនធានមនុស្ស ដែលមានមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដែលមានសូចនាករលទ្ធផលនិងពេលវេលាជាក់លាក់សម្រាប់អនុវត្ត ព្រមតាំងមានសង្គតិភាពជាមួយនឹងឯកសារគោលនយោបាយនិងបទដ្ឋានគតិយុត្តនានាតាមវិស័យដទៃទៀត៕