ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ សហភាពអឺរ៉ុប (EU ) និង អង្គការសុខភាពពិភពលោក (WHO ) បានប្រកាសថា ស្ថាប័នទាំងពីរបានរួមសហការគ្នាគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែងសនិ្តសុខសុខភាពនាពេលអនាគតនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២មិថុនា ២០២១នេះ បានឱ្យដឹងថា សហភាពអឺរ៉ុប កំពុងវិនិយោគក្នុងទឹកប្រាក់សរុបជាង២,៨ លានអឺរ៉ូ (៣,៥លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ ដើម្បីផ្តល់ការគាំទ្រ តាមរយៈអង្គការសុខភាពពិភពលោក ដល់រាជរដ្ឋាភិបាលក ម្ពុជាក្នុងការពង្រឹងការបង្ការ និងការឆ្លើយតបចំពោះវិបតិ្តជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។
ការផ្តល់មូលនិធិនេះ គឺជាផ្នែកមួយនៃកម្មវិធីសុខភាព ថ្នាក់តំបន់ពិសេសមួយរបស់សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដើម្បីគំាទ្រដល់ប្រទេសជាសមាជិកអាស៊ាន។
-->
លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍ថា ភាពជាដៃគូរវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោកដើម្បីគាំទ្រការតៀមបង្ការ និងការឆ្លើយតប គឺបង្ហាញពីសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការសម្រាប់ជួយប្រទេសមួយនៅក្នុងគ្រាលំបាក។លោកបន្តថា ក្រសួងសុខាភិបាល នឹងបន្តធ្វើការយ៉ាងជិតស្និទ្ឋ ជាមួយនឹងអង្គការសុខភាពពិភពលោក ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ។

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលជាងមួយទសវត្សមកនេះ ប្រទេសកម្ពុជាបាននិងកំពុងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួន រួមទាំងការត្រៀមបង្ការចំពោះជំងឺរាតត្បាតផងដែរ។ ការផ្ដល់មូលនិធិពីសហភាពអឺរ៉ុប និងភាពជាដៃគូនេះ នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយនឹងចូលរួមជួយប្រទេសកម្ពុជា ក្នុងការត្រៀមបង្ការសម្រាប់បញ្ហា គ្រោះអាសន្នសុខភាពសាធារណៈបានប្រសើរជាងមុន ។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា សហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួន ដូចជា ក្រុមការងារប្រចាំអឺរ៉ុប” ទាំងមូល បានប្តេជ្ញារួមគ្នាធ្វើការជាមួយកម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីកសាងឡើងវិញឲ្យកាន់តែប្រសើរ និងធានាឲ្យបានថាគ្មាននរណាម្នាក់ ត្រូវបានមើលរំលងនោះឡើយ។
លោកស្រីបន្តថា “រហូតមកទល់នឹងពេលនេះ ក្រុមប្រទេសសមាជិកអឺរ៉ុបបានផ្តល់ថវិកាចំនួន២,២ពាន់លានអឺរ៉ូ ដល់ប្រទេសចំនួន៩២ ដែលមានប្រាក់ចំណូលទាបនិងមធ្យមរួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីទទួលបានវ៉ាក់សំាងការពារជំងឺកូវីដ-១៩តាម រយៈយន្តការកូវ៉ាក់”។លោកស្រីបន្ថែមថា “យើងមានមោទនភាពដែលក្រុមអឺរ៉ុប គឺជាអ្នកចូលរួមចំណែកដ៏ធំបំផុតទៅឲ្យយន្តការកូវ៉ាក់នេះ”៕