ដោយៈ ម៉ាណេត
ភ្នំពេញៈ ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទាំងពីរ ក្រោយវិបត្តិកូវីដ-១៩។
ការសន្យាបង្កើនកិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចសន្ទនារវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកវឿង ឌីញ ហ្វេប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

-->
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ ដោយសារមរតកនេះហើយ បានធ្វើឱ្យមានកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យប្រព្រឹត្តទៅបានលទ្ធផលគួរជាទីពេញចិត្ត ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។
សម្តេចមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជានិងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលនានាជាច្រើន ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។

ជាមួយគ្នានេះរដ្ឋសភាទាំងពីរប្រទេស បានរក្សានិងអនុវត្តនូវស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភាឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។
សម្តេចបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម នឹងធ្វើឱ្យទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ជាពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ កាន់តែមានលក្ខណៈជិតស្និទ្ធ និងស្អិតរមួតថែមទៀត។
លោកវឿង ឌីញ ហ្វេ បានគាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាដែលថា សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ពិតជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាល និងបានសន្យាថា នៅក្នុងអាណត្តិជាប្រធានរដ្ឋសភា ដែលទើបទទួលបានការគាំទ្រពីបក្សនិងរដ្ឋវៀតណាម នឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរនេះឱ្យកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត សំដៅស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិកូវីដ-១៩ បានបញ្ចប់ទៅ។

ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរសន្យារួមគ្នាបន្តជំរុញឱ្យសម្រេចបាននៅគ្រប់ចំណុចអាទិភាពនៅក្នុងកិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាព ក្រុមមិត្តភាពសមាជិកសភាវ័យក្មេងនិងសមាជិកសភាជាស្រ្តីឱ្យមានសកម្មភាពឡើងវិញ។ ភាគីទាំងពីរសន្យាបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភា ទាំងក្នុងក្របខណ្ឌតំបន់និងសកលលោក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកវឿង ឌីញ ហ្វេ បានតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលនៃការបោះបង្គោលព្រំដែនប្រទេសទាំងពីរដោយសម្រេចបាន៨៤% ហើយសង្ឃឹមថា រដ្ឋាភិបាលទាំងពីរនឹងបញ្ចប់ការងារដែលនៅសេសសល់ប្រមាណ១៦% ទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងវឌ្ឍនភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕