ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ បានមើលឃើញដោយសុទិដ្ឋិនិយមថា តំបន់អរិយក្សត្រ មានសក្តានុពលសំរាប់វិនិយោគលំនៅដ្ឋាននាពេលអនាគត ខណៈតំបន់នេះ ត្រួវបានគេដឹងថា ម្ចាស់បុរីធំៗជាច្រើនបានទិញដីនៅតំបន់នោះរួចហើយ។
បច្ចុប្បន្នវិនិយោគិនជាតិ និងអន្តរជាតិកំពុងរង់ចាំមើលតែស្ពានឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រសាងសង់ប៉ុណ្ណោះ ដើម្បីចាប់ផ្តើមគំរោងរបស់ពួកគេ ដែលគំរោងស្ពាននេះអាចផ្លាស់ប្តូរពីទីតាំងតំបន់ក្តីតាកុយ នៃផ្លូវជាតិលេខ១ មកកាន់តំបន់ទីក្រុងកោះនរា ទៅកាន់តំបន់អរិយក្សត្រ ដែលមានចម្ងាយជិតជាង និងអាចផ្តល់សោភ័ណភាពលើកកំពស់សម្រស់ទីក្រុងភ្នំពេញផងដែរ។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនមិនទាន់មានគំរោងសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះនរា ទៅកាន់តំបន់អរិយក្សត្រទេ ប៉ុន្តែលោកបង្ហើបថា “អ្វីៗក៏អាចកើតឡើងបានផងដែរ”។
ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនKey Real Estate លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងថា ជាមួយលក្ខខ័ណ្ឌអំណោយផលនៃតម្លៃដីធ្លី នៅតំបន់អរិយក្សត្រ មានតម្លៃទាបជាងរាជធានីភ្នំពេញ ពិសេសនៅតំបន់នេះមានដីទំនេរច្រើន អ្នកអភិវឌ្ឍបុរីធំៗ អាចនឹងពិចារណាទៅសាងសង់គម្រោងលំនៅដ្ឋាននៅទីនោះ។
លោកបន្តថា បើប្រៀបធៀបនឹងតម្លៃដីនៅជួរមាត់ទន្លេរ ទីក្រុងភ្នំពេញដែលមានតម្លៃរហូតដល់៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តម្លៃដីនៅអរិយក្ស័ត្រស្ថិតនៅចន្លោះពី៥០០ ទៅ ១,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ”។
លោកសន សៀបបានបន្តថា ដោយសារតែភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត និងតម្លៃដីនៅទាបជាងរាជធានីភ្នំពេញ អរិយក្ស័ត្រមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកវិនិយោគអចលនទ្រព្យ។ បច្ចុប្បន្ន យើងឃើញមានគម្រោងសាងសង់លំនៅដ្ឋានមួយចំនួននៅអរិយក្ស័ត្រដូចជា បុរីចតុមុខសុីធី និងបុរីវីឡាទួលសង្កែ និងបុរីស្វាយជ្រុំអរិយក្ស័ត្រ។
បន្ទាប់ពីគម្រោងស្ពាន ដែលតភ្ជាប់ពីខណ្ឌជ្រោយចង្វារទៅស្វាយជ្រុំ អរិយក្សត្រសាងសង់រួចរាល់ អ្នកអភិវឌ្ឍបុរីធំៗទំនងជាមិនមើលរំលងតំបន់មួយនេះទេ។
ជាមួយគ្នានេះ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានយល់ស្របនឹងការលើកឡើងរបស់លោកសន សៀប ដោយលោកបានមានប្រសាសន៍ថា ជាមួយនឹងដំណឹងនៃការសាងសង់ស្ពានជាបន្តបន្ទាប់ ដែលសារព៌តមានបានធ្វើបច្ចុប្បន្នភាពតាមការវិវត្តជាក់ស្តែង បានធ្វើឲ្យតម្លៃដីនៅតំបន់នេះឡើងថ្លៃខ្ពស់រួចទៅហើយ ប៉ុន្តែតម្លៃនៅទាបនៅឡើយ បើធៀបនឹងរាជធានីភ្នំពេញ។
លោកបន្តថា “ការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ទៅកាន់តំបន់នេះ នឹងធ្វើឲ្យអរិយក្សត្រ ក្លាយជាទីក្រុងទំនើបថ្មីមួយនាភាគខាងកើត រាជធានីភ្នំពេញនាពេលអនាគត”។លោកបន្តថា “អ្វីៗរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ ខណៈអ្នកវិនិយោគធំៗបានត្រៀមខ្លួនរួចហើយ សំរាប់ចាប់យកសក្តានុពលនៅតំបន់នេះ”៕