តំបន់ទេសចរណ៍ប្រមាណ១០០កន្លែងនៅបន្ទាយស្រី នឹងត្រូវបញ្ចូលក្នុងApp ដើម្បីបង្កើនការផ្សព្វផ្សាយ

ចែករំលែក

ដោយៈតារា

សៀមរាបៈ រដ្ឋបាលស្រុកបន្ទាយស្រី បានបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗរបស់ខ្លួន ទៅកាន់អ្នកទេសចរណ៍ ដើម្បីអោយពួកគាត់ទៅទស្សនា ខណៈដែលរដ្ឋបាលស្រុកនោះ បាននឹងកំពុងធ្វើអោយតំបន់របស់ខ្លួន ប្រែក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលដ៍ធំជាងគេ នៅក្នុងចំណោមស្រុកទាំង១២ នៃខេត្ដសៀមរាប។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានមានប្រសាសន៍អោយដឹងកាលពីចុងសប្តាហ៍មុននេះថា បច្ចុប្បន្ននេះ ស្រុកបន្ទាយស្រី មានរមណីយដ្ឋានទេសចរណ៍សំខាន់ៗប្រមាណ១០០កន្លែង ទាំងតំបន់ទេសចរណ៍បង្កើតថ្មី កន្លែងបែបផ្សងព្រេង ប្រាសាទបុរាណ ទេសចរណ៍វប្បធម៌ ព្រមទាំងទេសចរណ៍ទឹកធ្លាក់ជាដើម។

លោកបន្ដថា នាពេលនេះរដ្ឋបាលស្រុកបាន នឹងកំពុងកត់ត្រាតំបន់ទេសចរណ៍សំខាន់ទាំងអស់នោះបង្ហាញដល់ប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់ទៅទស្សនា ជាពិសេ សលោកគ្រោងបង្កើតAppមួយ ដើម្បីយករូបភាពកន្លែងទេសចរណ៍នោះ ឲ្យប្រជាពលរដ្ឋដោនឡូត មើលឃើញពីតំបន់ទេសចរណ៍ទាំងនោះ មានភាពងាយស្រួលទៅទស្សនា ព្រោះនៅក្នុងAppនោះ ផ្ទុកដោយរមណីយដ្ឋានក្នុងស្រុកបន្ទាយស្រីទាំងអស់។

លោកបន្ថែមថា តំបន់ទេសចរណ៍ដែលទើបបង្កើតថ្មី ផលិតផលថ្មី បាននិងកំពុងទាក់ទាញអ្នកទេសចរណ៍ ទៅទស្សនាជារៀងរាល់ថ្ងៃ ដូចជា តំបន់ទេសភាពបឹងឈូក សួនផ្កាក្រអូប សួនផ្កាអូស្មូ ទឹកធ្លាក់ភ្នំគូលែនជាដើម។ ជាមួយគ្នានោះលោកក៏បាននឹងកំពុងធ្វើអោយមូលដ្ឋានរបស់ខ្លួន ប្រែក្លាយជាតំបន់ទេសរណ៍ដ៏មានសក្ដានុពលធំជាងគេ នៅក្នុងចំណោមស្រុកទាំងចំនួន១២នៃខេត្ដ សៀមរាប ដោយសូម្បីតែការធ្វើកសិកម្មក៏អាចធ្វើឲ្យក្លាយជាកសិទេសចរណ៍ផងដែរ ក្នុងគោលបំណងទាក់ទាញអ្នកទេសចរទៅទស្សនា និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកឃឹម ហ្វីណង់បានឱ្យដឹងទៀតថា នៅភូមិដ្ឋានពលរដ្ឋមួយចំនួនទៀត ក៏ត្រូវប្រែក្លាយជាភូមិស្អាត បរិស្ថានល្អ និងកសិទេសចរណ៍ ដូចករណីភូមិព្រះដាក់ បើទោះបីនៅជនបទក្ដី តែជាភូមិមួយមានភាពស្រស់ស្អាត អនាម័យ និងបរិស្ថានល្អនៅក្នុងសហគមន៍របស់ខ្លួន ដូចជា ការរៀបចំការ៉ូឡាផ្លូវដើរ ការចូលរួមដាំដើមផ្កាលម្អតាមមុខផ្ទះ ការដាក់ពង្រាយធុងសំរាម និងការថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អ តាមរយៈការបង្កើតសេវា”សហគមន៍ស្វ័យគ្រប់គ្រងសំរាម”ជាដើម។

លោកបានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដែលបានរួមកំលាំងគ្នា រៀបចំជាសហគមន៍គំរូដ៏ប្រពៃនៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាព និងភាពទាក់ទាញនៅក្នុងសហគមន៍៕


ចែករំលែក