ដោយៈ ម៉ាណេត
ភ្នំពេញៈ គោលដៅទេសចរណ៍ ដូចជា រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងបរិបទកូវីដនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោកបណ្ឌិតថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ។
រមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានបន្តខិតខំអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ “៣ កុំ” និង “៣ ការពារ” រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ។
ដោយឡែក តំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរ នៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន។
លោករដ្ឋមន្ត្រីទេចរណ៍បានឱ្យដឹងទៀតថា “គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក្នុងបរិបទកូវីដនេះ ដូចជា សហគមន៍អេកូទេសចរណ៍ កោះព្រហ្មចារីជ្រោយបន្ទាយ សហគមន៍អេកូទេសចរណ៍កោះសាមសិប ក្នុងខេត្តក្រចេះជាដើម”។
កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៧៦,៦៩៨នាក់ នៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិ៧៥,៧៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៩១២នាក់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ៥-៦ ខែមិថុនា។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តក្រចេះ (១០,២២៥នាក់) ខេត្តបាត់ដំបង (៩,៤៧០នាក់) ខេត្តកំពត (៩,២៩២នាក់) ខេត្តព្រះសីហនុ (៨,៧៩០នាក់) ខេត្តសៀមរាប (៦,៩៧៩ នាក់ និងខេត្តកំពង់ស្ពឺ (៦,៧២៣នាក់)។
លោកបណ្ឌិតថោង ខុនបានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ៧.១៩%ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ៤៩.៨៨%៕