លោកស៊ុន ចាន់ថុលដកការងារពីរដ្ឋលេខាធិការម្នាក់ និងក្រុមហ៊ុនមូយពាក់ព័ន្ឋ គុណភាពផ្លូវជាតិលេខ៣

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានសម្រេចដកការងារពីរដ្ឋលេខាធិការក្រសួងម្នាក់ និងបានបញ្ចប់កិច្ចសន្យា ជាមួយក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវជាតិលេខ៣ពី កំពតទៅ វាលរេញ ដែលមានប្រវែង ៥៤ គីឡូម៉ែត្រ បន្ទាប់ពីរកឃើញថា ក្រុមហ៊ុននេះ ខ្វះបច្ចេកទេសក្នុងការស្តារផ្លូវឱ្យរឹងមាំ។

មានប្រសាសន៍ក្នុងពេលចុះពិនិត្យវឌ្ឍនភាព សាងសង់ផ្លូវជាតិលេខ៣ ចន្លោះខេត្តកំពត-វាលរេញនៅថ្ងៃទី៥ ខែ មិថុនាកន្លងមកនេះ លោក ស៊ុន ចាន់ថុល បានថ្លែងថា ទោះបីជាក្រុមហ៊ុនដេញថ្លៃ KCI បានស្តារ និងជួសជុលផ្លូវរួចហើយចំនួន៣០គីឡូវម៉ែត្រក្តី ក្នុងចំណោម៥៤គីឡូម៉ែត្រ ប៉ុន្តែលោកសង្កេតឃើញថា ផ្លូវមិនទាន់មានគុណភាពគ្រប់គ្រាន់នៅឡើយទេ។

លោកបន្តថា “ផ្លូវជាតិលេខ៣ កំពត-វាលរេញ មានការខូចខាត សង្កេតឃើញថា ផ្លូវដែលធ្វើរួចហើយខូចទៅវិញ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ”។លោកបន្តថា “ខ្ញុំសូមអភ័យទោសប្រជាពលរដ្ឋ ដែលបានធ្វើដំណើរលើផ្លូវនេះ ដែលធ្វើម្តងហើយម្តងទៀត នៅតែខូច”។

លោកស៊ុន ចាន់ថុលបានបន្តថា “ខ្ញុំបានផ្អាកងារងាររដ្ឋលេខាធិការក្រសួង ដែលបានគ្រប់គ្រងផ្លូវនេះ គាត់លែងឱ្យគាត់កាន់គម្រោងនេះតទៅទៀត និងបានអញ្ជើញ រដ្ឋលេខាធិការថ្មី មកជួយមើលបន្ថែមផ្លូវដែលត្រូវជួសជុលបន្ត”។

លោកបានបញ្ជាក់ថា ទោះបីក្រសួង សម្រេចបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនដែលកាន់គម្រោងនេះក្តី ប៉ុន្តែក្រុមហ៊ុននៅមានតួនាទីថែទាំផ្លូវ ដែលធ្វើរួចរាល់ចំនួន៣៤ គីឡូរយៈពេល៣ឆ្នាំបន្តទៀត។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) ជាគម្រោងស្តារ ជួសជុល ថែរទាំ ដោយប្រើថវិការបស់ធនាគារពិភពលោក ដាក់ដេញថ្លៃទៅតាមគោលការណ៍ និង តម្រូវការរបស់ធនាគារពិភពលោក។

លោកបន្តថា ក្រុមហ៊ុនដាក់ដេញថ្លៃបាន តម្លៃជួសជុលថែរទាំ៣ ឆ្នាំ និងជួសជុល ២ ឆ្នាំ សរុបទៅ៥ឆ្នាំ តម្លៃ៨លានដុល្លារ។ ក្រោយពីបានចុះមកពិនិត្យច្រើនដងហើយ ឃើញថាកន្លែងមួយចំនួនត្រូវតែកែ អ៊ីចឹងយើងស្នើសុំទៅធនាគារពិភពលោក គេផ្តល់ថវិកា៨លាន អ៊ីចឹងសរុបទាំងអស់ផ្លូវនេះចំណាយអស់១៦លានដុល្លារ។

លោកបន្ថែមថា ផ្លូវដែលនៅសេសសល់ចំនួន២០គីឡូម៉ែត្រទៀត ត្រូវផ្ទេរមកក្រសួងជាអ្នកធ្វើបន្តជួសជុល ថែរទាំ ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ៧០ម៉ឺនដុល្លារ។

លោកស៊ុន ចាន់ថុលបានបន្តទៀតថា ផ្លូវ២០គីឡូម៉ែត្រនេះ យើងមិនធ្វើឡើងវិញទេ គ្រាន់តែចាក់មួយស្រទាប់បណ្តោះអាសន្ន ឱ្យឡានធ្វើដំណើរបានរហូតដល់ខែ១១ ឬ ១២ រង់ចាំសិក្សាឱ្យបានលម្អិត តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងរកថវិកាបានគ្រប់គ្រាន់ ទើបយើងធ្វើបានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here