ដោយៈម៉ាណេត
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់ របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅ ស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
ផ្លូវលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៧៨ +១៦៥ ឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ត្រង់ គីឡូម៉ែត្រ ២២៥ +៥៥០។
ចំណែកផ្លូវជាតិលេខ១៤៦B ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ ១៧៨ +១៦៥ ឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ ២២៥ +៥៥០ ប្រវែងសរុប៤៣,០២៥គីឡូម៉ែត្រ ចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលចាប់ផ្តើមសាងសង់ ក្នុងកំឡុងខែមេសា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅក្នុងខែ សីហា ឆ្នាំ២០២២។
គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ។
លោកទេសរដ្ឋមន្ត្រី បានចុះពិនិត្យម៉ាស៊ីនលាយបេតុងស៊ីម៉ងស្វ័យប្រវត្តិ ដែលអាចសាងសង់បានប្រវែង៥០០ម៉ែត្រក្នុងមួយថ្ងៃ និងកំរាស់២៦សង់ទីម៉ែត្រ និងពិនិត្យម៉ាស៊ីនតេស្តគុណភាពទ្រនាប់ផ្លូវផ្នែកខាងក្រោម( Bases Course)។ លោកទេសរដ្ឋមន្ត្រី បានបន្តដំណើរចុះពិនិត្យការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុត្រង់ចំនុចប្រសព្វផ្លូវ ១៤៦Bផងដែរ។
លោកស៊ុន ចាន់ថុល បានធ្វើការផ្តាំផ្ញើទៅក្រុមហ៊ុន សាងសង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឱ្យធ្វើការយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាពនៃការស្ថាបនាផ្លូវ និង ផ្តាំផ្ញើទៅបងប្អូន ប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូន ឱ្យគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿន ឬដឹកលើសទម្ងន់ ដែលជាកត្តាបង្កឱ្យមាន ការខូចខាតផ្លូវមុនអាយុកាល ការគ្រោះថ្នាក់ចរាចរណ៍ នាំឱ្យបាត់បង់អាយុជីវិត និងបាត់បង់ថវិកាជាតិផងដែរ៕