សុខុម
បាងកក: កាសែត Bangkok Post បានចុះផ្សាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ច និងវិស័យទេសចរណ៍ដែលជំរុញដោយវ៉ាក់សាំងកូវីដ-១៩ នឹងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យនៅតាមបណ្ដាខេត្តពឹងផ្អែកលើវិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ រស់រានឡើងវិញ។
លោក Vichai Viratkapan អគ្គនាយកស្ដីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (Real Estate Information Center (REIC)) បានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅតាមបណ្ដាខេត្តដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិឆ្លងរាតត្បាតវីរសកូវីដ-១៩ កាលពីឆ្នាំកន្លងទៅ។
-->
លោកបានគូសបញ្ជាក់ថា “នៅតាមគោលដៅទេសចរណ៍ដូចជា ភូកេត ហួហ៊ីន ក្នុងខេត្ត Prachuap Khiri Khan និង Cha-am ក្នុងខេត្ត Phetchaburi ជាដើមឃើញថា ទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋានបានដាំក្បាលចុះយ៉ាងខ្លាំងក្នុងឆមាសទី២ ចុងឆ្នាំ២០២០ នៅពេលដែលការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ធ្ងន់ធ្ងរមិនធ្លាប់មានមកលើឧស្សាហកម្មទេសចរណ៍”។
នៅភូកេត តម្រូវការអចនទ្រព្យប្រភេទលំនៅដ្ឋានបានដាំក្បាលចុះយ៉ាងខ្លាំង ដោយលក់បានតែ៤៤៣យូនីតប៉ុណ្ណោះក្នុងឆមាសទី២ ចុងឆ្នាំ២០២០ គឺធ្លាក់ចុះខ្លាំងបើធៀបទៅនឹងចំនួនជិត៣.៨០០យូនីតដែលលក់បានក្នុងឆ្នាំ២០១៨ នៅពេលពលរដ្ឋមានអារម្មណ៍ថាការងាររបស់ខ្លួនគ្មានសុវត្ថិភាព បន្ទាប់ពីផ្ទុះការឆ្លងរាតត្បាតកូវីដ-១៩។
ទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋានបានដាំក្បាលចុះជាបន្តបន្ទាប់ ពីចំនួន៧៤១យូនីតក្នុងឆមាសទី១ ដើមឆ្នាំ២០២០ ពីចំនួន១.១១៨យូនីតក្នុងឆមាសទី២ ចុងឆ្នាំ២០១៩ ពីចំនួន២.២៩៦យូនីតក្នុងឆមាសទី១ដើមឆ្នាំ២០១៩ ពីចំនួន៣.១៤០យូនីតក្នុងឆមាសទី២ ចុងឆ្នាំ២០១៨ និងពីចំនួន៣.៧៨៨យូនីតក្នុងឆមាសទី១ ដើមឆ្នាំ២០១៨។
ការផ្គត់ផ្គង់អចលនទ្រព្យប្រភេទលំនៅដ្ឋានថ្មីៗនៅភូកេត បានប្រឈមនឹងការធ្លាក់ចុះខ្លាំងស្រដៀងគ្នា ដោយលក់បានតែ៤២៣យូនីតប៉ុណ្ណោះក្នុងឆមាសទី២ ចុងឆ្នាំ២០២០ បើធៀបទៅនឹងចំនួន៣.៩០០យូនីតដែលលក់បាននៅក្នុងឆមាសទី១ ដើមឆ្នាំ២០១៨។
លោក Phattanan Phisutvimol ប្រធានសមាគមអចលនទ្រព្យនៅភូកេត (Phuket Real Estate Association) បានថ្លែងថា ការលក់អចលនទ្រព្យប្រភេទលំនៅដ្ឋាននៅភូកេត កាលពីឆ្នាំមុនក៏បានដាំក្បាលចុះខ្លាំងដែរ ជាពិសេសនៅតាមតំបន់ក្រុង ខណៈពេលដែលប្រាក់ចំណូលរបស់ពលរដ្ឋបានបាត់បង់ដោយសារតែការឆ្លងរាតត្បាតវីរុសកូវីត-១៩។
លោកបានបន្ថែមទៀតថា “ប្រាក់ចំណូលរបស់ពលរដ្ឋភាគច្រើននៅភូកេត បានធ្លាក់ចុះទាបជាងមុនខ្លាំង ស្របពេលដែលធនាគារនានាចាប់ផ្ដើមប្រយ័ត្នប្រយែងជាងមុនចំពោះការអនុម័តឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ)។ កត្តានេះបានធ្វើឱ្យអតិថិជនជួបការលំបាកយ៉ាងខ្លាំង”។
ភ្នាក់ងារអចលនទ្រព្យខ្លះបានប្រើប្រាស់បណ្ដាញដ៏រឹងមាំរបស់ខ្លួនជាមួយធនាគារនានាដើម្បីសុំឈ្មោះ និងព័ត៌មានទំនាក់ទំនងទៅអ្នកទិញ ដែលទទួលបានកម្ចីទិញផ្ទះជាមួយគម្រោងលំនៅដ្ឋានផ្សេងទៀតរួចទៅហើយ ហើយបានទាក់ទងទៅពួកគេដោយផ្ដល់លក្ខខណ្ឌទាក់ទាញដើម្បីឱ្យអ្នកទិញទាំងនោះប្ដូរចិត្តមកទិញគម្រោងរបស់ខ្លួនជំនួសវិញ។ ចុងបញ្ចប់ អ្នកទិញក៏បានផ្លាស់ប្ដូរចិត្ត ហើយងាកមកទទួលយកលក្ខខណ្ឌផ្ដល់ឱ្យថ្មីដែលល្អជាង។
លោកបានបន្ថែមទៀតថា “នៅពេលមានអ្នកទិញកាន់តែតិចទទួលបានការអនុម័តកម្ចី អ្នកទិញជាច្រើនបានប្ដូរចិត្តដោយសារតែយុទ្ធសាស្ត្រទាំងនេះ។ នៅក្នុងគម្រោងខ្លះ មានការផ្លាស់ប្ដូរអតិថិជនដល់ទៅ៣ដងក៏មាន”។
លោក Phattanan Phisutvimol បញ្ជាក់ថា ទោះជាយ៉ាងណា ការរំពឹងចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចនៅភូកេត ប្រហែលជាមិនអាចកើតឡើងឡើយដោយសារតែកត្តា២យ៉ាង។
កត្តាទី១ គឺសម្បទានដែលអាចទៅរួចសម្រាប់ពលរដ្ឋថៃ ដែលអាចមកលេងនៅភូកេត បាននៅពេលនេះ ខណៈជនបរទេសអាចមកលេងបានក្រោយការបើកព្រំដែនឡើងវិញ។
លោកបានពន្យល់ថា “នៅពេលភូកេត ចាប់ផ្ដើមស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ យើងគ្មានទំនុកចិត្តទេថា ភ្ញៀវទេសចរជនជាតិថៃ ដែលចាក់វ៉ាក់សាំងរួចនៅតែអាចឆ្លងវីរុសកូវីដ-១៩”។
លើសពីនេះទៀត ថៃ ត្រូវបានចាត់ទុកជាប្រទេសមានហានិភ័យដោយសារចំនួនករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងខ្ពស់ ដូចនេះតម្រូវការពីភ្ញៀវទេសចរបរទេស និងជើងហោះហើរអន្តរជាតិមកកាន់ភូកេត នៅតែស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា៕