អភិបាលក្រុងព្រមានពីហានិភ័យនៃការប្រែក្លាយតំបន់មួយចំនួនជាតំបន់លឿងទុំ និងក្រហមជាថ្មី

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានព្រមានថា ការធ្វេសប្រហែសភ្លេចការពារខ្លួន និងមិនបានយកចិត្តទុកដាក់អនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការកំណត់អាចជាហានិភ័យ បណ្តាលឱ្យភូមិសាស្ត្រមួយចំនួន នឹងត្រូវប្រែក្លាយទៅជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហមជាថ្មីម្តងទៀត។

លោកលើកឡើងបែបនេះ ក្នុងសេចក្តីណែនាំបន្ថែមស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ១១ ខែមិថុនាកន្លងមកនេះ។

លោកឃួង ស្រេង បានឱ្យដឹងថា ក្រោយពេលដែលរាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រដ្ឋបាលរាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចំនួន៣ គឺវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការគាំពារសង្គម។

ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ស្របពេលដែលវិធានការត្រូវបានបន្ធូរបន្ថយ ម្ចាស់ក្រុមហ៊ុនឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ រោងចក្រ សហគ្រាស អាហារដ្ឋាន ផ្សារម៉ាត ផ្សាររដ្ឋ-ឯកជន កម្មករ-និយោជិត អាជីវករ និងប្រជាពលរដ្ឋមួយចំនួនហាក់មានការធ្វេសប្រហែសភ្លេចការការពារខ្លួន និងមិនបានយកចិត្តទុកដាក់អនុវត្ត ឬអនុវត្តន៍មិនបានត្រឹមត្រូវនូវវិធានការកំណត់។

លោកឃួង ស្រេង បានព្រមានថា “ទង្វើនេះ គឺជាហានិភ័យអាចបណ្តាលឱ្យមានការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ ហើយអាចនាំឱ្យភូមិសាស្ត្រមួយចំនួន ត្រូវប្រែក្លាយទៅជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហមជាថ្មីម្តងទៀត”។

លើសពីនេះ លោក ឃួង ស្រេង បានបញ្ជាដល់រដ្ឋបាលខណ្ឌទាំង ១៤ និងមន្ទីរ-អង្គភាពជំនាញ ត្រូវចុះត្រួតពិនិត្យគ្រប់ពេលវេលា នូវសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានលើកលែង និងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបន្តផ្អាកដំណើរការ ព្រមទាំងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ក្នុងមូលដ្ឋាននីមួយៗ ដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវ។ បើបុគ្គលណាមួយមិនព្រមសហការ ឬមិនអនុវត្តត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here