តើមហាសេដ្ឋីអចលនទ្រព្យមានលុយច្រើនបំផុតនៅអូស្ត្រាលីជានរណា?

0

ដោយៈសុខុម

អូស្រ្តាលី: វិស័យអចលនទ្រព្យជាវិស័យមួយ ដ៏មានសក្កានុពលខ្លាំងក្លា មិនអាចប្រកែកបាន ដែលធ្វើឱ្យអ្នកជំនួញប្រឡូកក្នុងវិស័យនេះ មិនតិចនាក់ឡើយបានក្លាយជាមហាសេដ្ឋី ក្នុងមួយឆ្នាំៗទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផងដែរ។

ក្រឡេកមកមើលវិស័យអចលនទ្រព្យ ក្នុងប្រទេសអូស្ត្រាលីឯណេះវិញ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលស្ត្រីមួយរូបបានក្លាយជាមហាសេដ្ឋីអចលនទ្រព្យ មានលុយច្រើ​នបំផុតក្នុងប្រទេសនេះ។

ចង់ដឹងថាតើគាត់ជានរណា មានលុយច្រើនកម្រិតណា និងមានប្រវត្តិបែបណា សូមមកស្វែងយល់ទាំងអស់គ្នាដូចខាងក្រោម!

យោងតាមគេហទំព័រអចលនទ្រព្យអូស្ត្រាលី realestate.com.au ដែលបានចុះផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា លោកស្រីGina Rinehart បានជាប់ឈ្មោះជាមហាសេដ្ឋីអចលនទ្រព្យ មានលុយច្រើនបំផុតជាថ្មីម្ដងទៀត ជាមួយនឹងទ្រព្យសម្បត្តិសរុបរហូត ដល់ទៅ៣៦,៣៨ពាន់លានដុល្លារ ដោយកើនឡើងពីចំនួន១៦,២៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០។

សារព័ត៌មានអូស្ត្រាលីបានចុះផ្សាយថា ទ្រព្យសម្បត្តិរបស់លោកស្រីបានកើនឡើងដល់កម្រិតនេះ ដោយសារតម្លៃរ៉ែដែកហក់ឡើងខ្ពស់ និងការកើនឡើងការនាំចេញទៅកាន់ប្រទេសចិន។

*ប្រវត្តិ
លោកស្រី Gina Rinehart បានប្រសូត្រនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៥៤ (៦៧ឆ្នាំ) នៅមន្ទីរពេទ្យ St John of God Subiaco Hospital ក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលី ភាគខាងលិច។ គាត់គឺជាកូនទោលរបស់លោកឪពុក Lang Hancock ដែលជាមហាសេដ្ឋីរ៉ែដែក និងអ្នកម្ដាយ Hope Margaret Nicholas។

គាត់បានរស់នៅជាមួយឪពុកម្ដាយ រហូតដល់អាយុ៤ឆ្នាំនៅ Nunyerry ដែលស្ថិតនៅចម្ងាយប្រមាណ៦០គីឡួម៉ែត្រ នាខាងជើងនៃតំបន់ Wittenoom។

បន្ទាប់មកគ្រួសាររបស់គាត់ បានផ្លាស់ទៅ Mulga Downs Station នៅតំបន់ Pilbara ។ ក្រោយមក លោកស្រី Gina Rinehart បានរៀននៅសាលា St Hilda’s Anglican School for Girls ក្នុងទីក្រុង Perth។

ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ គាត់បានបន្តការសិក្សាដោយចាប់យកជំនា​ញសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ University of Sydney ប៉ុន្តែគាត់បានឈប់រៀនពាក់កណ្ដាលទី ដើម្បីជួយធ្វើការឱ្យលោកឪពុក។ អ្នកស្រីទទួលបានចំណេះដឹងយ៉ាងទូលំទូលាយ អំពីឧស្សាហកម្មរ៉ែដែកនៅតំបន់ Pilbara។

មិនតែប៉ុណ្ណោះ លោកស្រី Gina Rinehart ថែមទាំងបានជួយសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុន Hancock Prospecting Pty Ltd (HPPL) របស់ឪពុកឱ្យក្លាយជាក្រុមហ៊ុនឯកជនដ៏ជោគជ័យបំផុតមួយ នៅក្នុងប្រវត្តសាស្ត្រអូស្រ្តាលីទៀតផង។

នៅឆ្នាំ១៩៧៣ ស្ថិតក្នុងវ័យ១៩ឆ្នាំ លោកស្រី Gina Rinehart បានស្គាល់គ្នា និងចាប់ចិត្តស្រលាញ់គ្នា ជាមួយបុរសជនជាតិអង់គ្លេស ឈ្មោះ Greg Milton ខណៈពេលពួកគាត់ទាំង២ធ្វើការនៅតំបន់ Wittenoom។ ពេលនេះហើយដែលលោក Greg Milton បានប្ដូរនាមត្រកូលខ្លួនមកជា Hayward។ គូស្នេហ៍មួយគូនេះ បង្កើតបានកូនប្រុសម្នាក់ឈ្មោះ John Langley នៅក្នុងឆ្នាំ១៩៧៦ និងកូនស្រីម្នាក់ទៀតឈ្មោះ Bianca Hope ក្នុងឆ្នាំ១៩៧៧។

ទោះជាយ៉ាងណា ប្តីប្រពន្ធនេះបានចែកផ្លូវគ្នានៅឆ្នាំ១៩៧៩ ហើយបានលែងលះជាផ្លូវការនៅឆ្នាំ១៩៨១។ ក្នុងឆ្នាំ១៩៨៣ លោកស្រី Gina Rinehart បានរៀបការស្វាមីក្រោយឈ្មោះ Frank Rinehart ដែលជាមេធាវីក្រុមហ៊ុន និងជានាយកប្រតិបត្តិក្រុមហ៊ុន Arco នៅឡាសវ៉េហ្គាស សហរដ្ឋអាមេរិក។ ជាចំណងដៃ ពួកគាត់បង្កើតបានកូន២នាក់ ដោយម្នាក់ឈ្មោះ Hope នៅឆ្នាំ១៩៨៦ និងម្នាក់ទៀតឈ្មោះ Ginia នៅឆ្នាំ១៩៨៧។

ស្វាមីក្រោយរបស់លោកស្រីគឺលោក Frank Rinehart បានទទួលបានអាហារូបករណ៍ទៅសិក្សា នៅសាកលវិទ្យាល័យ Harvard ដោយសារលោកបានផ្ដល់សេវាជួយដល់ទ័ពអាកាសសហរដ្ឋអាមេរិក នៅពេលនោះ។ គាត់ខំប្រឹងរៀនខ្លាំងណាស់ រហូតក្លាយជានិស្សិតពូកែនៅ Harvard College និង Harvard Law School ខណៈលោកក៏កំពុងសិក្សាជំនាញវិស្វកម្ម និងមានការពេញម៉ោង១ និងការងារក្រៅម៉ោង២។ ប៉ុន្តែជាអកុសល ស្វាមីក្រោយ Frank Rinehart ក៏បានទទួលមរណភាពនៅក្នុងឆ្នាំ១៩៩០។

លោកស្រី Gina Rinehart និងលោកស្រី Rose Porteous ភរិយាក្រោយរបស់លោកឪពុកLang Hancock ដែលបានរៀបការស្វាមីក្រោយឈ្មោះ Willie Porteous បន្ទាប់ពីឪពុករបស់លោកស្រី បានទទួលមរណភាពមិនបានយូរប៉ុន្មាន បានប្ដឹងផ្ដល់គ្នាឡើងតុលាការចាប់ពីឆ្នាំ១៩៩២ ជុំវិញការស្លាប់ និងការក្ស័យធនក្រុមហ៊ុនអចលនទ្រព្យរបស់ឪពុកលោកស្រី។ ក្ដីក្ដាំតុលាការនេះបានអូសបន្លាយរយៈពេល១៤ឆ្នាំទើបបញ្ចប់។

ក្នុងឆ្នាំ១៩៩៩ រដ្ឋាភិបាលអូស្ត្រាលី បានអនុម័តសំណើសុំដាក់ឈ្មោះជួរភ្នំមួយថា Hancock Range ដើម្បីគោរពដល់គ្រួសាររបស់លោកស្រី Gina Rinehart ព្រោះគ្រួសាររបស់លោកស្រី បានរួមចំណែកច្រើនណាស់ ដល់ការបង្កើតឧស្សាហកម្មរ៉ែនៅតំបន់ Pilbara៕

LEAVE A REPLY

Please enter your comment!
Please enter your name here